(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជិត២០០នាក់ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទីតាំងអនាធិបតេយ្យ និងសំណង់មិនរៀបរយនៅក្នុងភូមិ២ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោកឧត្តមសេនីយត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីនគរបាលខណ្ឌដូនពេញចំនួន៨០នាក់, កំលាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចំនួន២៤នាក់, កំលាំងព្រហ្មទណ្ឌកំរិតស្រាល ក្រុង ចំនួន៣៣នាក់ និងប្រជាការពារខណ្ឌចំនួន៤០នាក់។
របាយការណ៍របស់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងគណ:បញ្ជាឯកភាពខណ្ឌបានឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនចំនួន១៥នាក់ (ក្នុងនោះស្ត្រីចំនួន០៨នាក់) និងបានរុះរើជម្រកអនាធិបតេយ្យចំនួន១១ ក្នុងនោះបន្ទប់ចំនួន៤បន្ទប់ ដែលបន្ទប់នីមួយៗប្រក់តង់ ប្រកស័ង្កសី ដែលជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន។
បើតាមរបាយការណ៍ ការចុះប្រតិបត្តិការនោះកំលាំងអាជ្ញាធរ និងសមត្ថកិច្ច បានចែកជា០៣គោលដៅ ដឹកនាំដោយលោកអភិបាលរង នាយក នាយករង ប្រធានការិយាល័យ ដោយបានចុះឆែកឆេរផ្ទះសរុបរួម៩៤ខ្នងផ្ទះ។
សម្រាប់ជនសង្ស័យទាំង១៥នាក់ និងវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមច្បាប់៕