(ភ្នំពេញ)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei» បានជួបបញ្ហាបច្ចេកទេស (ម៉ាស៊ីនយន្តហោះ) នៅពាក់កណ្តាលផ្លូវអាកាស ខណៈកំពុងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ជាមួយអ្នកដំណើរជាង២០០នាក់ បានរយៈពេលប្រមាណ៣០នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រោយជួបបញ្ហាបច្ចេកទេស ក្រុមបើកយន្តហោះ បានសម្រេចចិត្តបកក្បាលត្រឡប់មកភ្នំពេញវិញ ហើយបានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។ តែហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរជាង២០០នាក់ មានទាំងជនបរទេស និងជនជាតិខ្មែរផងនោះ យំស្ទើរមិនចង់ចេញទៅហើយ។
មន្រ្តីជាន់ខ្ពស់ម្នាក់ ដែលបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់បន្ថែមដល់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ពោលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ «Lanmei» បានហោះឡើងបានប្រហែលកន្លះម៉ោង ក៏ហោះត្រឡប់មកព្រលានដើមវិញ ក្រោយក្រុមពីឡុត មើលឃើញនូវបញ្ហាបច្ចេកទេសនៅក្នុងយន្តហោះ។
យ៉ាងណាក៏ដោយ នៅពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ យន្តហោះដែលមានជើងហោះហើរ លេខ LQ 670 ភ្នំពេញ-បាងកក បានចុះចតដោយសុវត្ថិភាព មិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែសម្រាប់បញ្ហាបច្ចេកទេសវិញ មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ គ្រាន់តែថាមានបញ្ហានៅក្នុងម៉ាស៊ីនយន្តហោះ។
អ្នកដំណើរម្នាក់នៅក្នុងយន្តហោះនោះ ក៏បានឲ្យដឹងផងដែរថា យន្តហោះក្រុមហ៊ុនអាកាសចរ «Lanmei» ជើងហោះហើរលេខ LQ 670 ភ្នំពេញ-បាងកក ដែលបានចេញដំណើរនៅវេលាម៉ោង ៩៖០៥នាទីព្រឹកមិញ បានវិលត្រឡប់មកចុះចតបន្ទាន់វិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីហោះហើរចេញបាន៣០នាទីមក។
អ្នកដំណើររូបនេះបានបន្តទៀតថា បន្ទាប់ពីហោះចេញពីព្រលានភ្នំពេញបាន៣០នាទីមក ពីឡុតបានប្រកាសឲ្យដឹងថា ម៉ាស៊ីនយន្តហោះមានបញ្ហាបច្ចេកទេស ដូច្នេះយន្តហោះត្រូវហោះត្រឡប់ទៅវិញ។ សម្រាប់អ្នកដំណើរទាំងអស់ បានរង់ចាំដូរយន្តហោះទៅបាងកកវិញនៅម៉ោង៥រសៀលថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ចិន Lanmei Airlines (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការ នៃការដាក់ដំណើរការជើងហោះហើរ នៅប្រទេសចំនួន៦ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧៕