(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងយ៉ាងដាច់ណាត់ថា រាល់អ្នកតាំងលក់ និងតសំយាប រំលោភយកផ្លូវសាធារណៈ គឺត្រូវតែរុះរើចេញជាបន្ទាន់ ឱ្យបានមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីឱ្យផ្លូវមានភាពស្រឡះធំទូលាយ ហើយបើសិនជានៅ តែរឹងទៀតកុំថា អាជ្ញាធរមិនយោគយល់ឱ្យសោះ នៅពេលអាជ្ញាធរចុះរុះរើ បើមានការខូចខាតនោះ បើខាងផ្សារអ្នកទទួលលុយពីអាជីវក ត្រូវសង់ថ្លៃដល់អាជីវករ បើសិនជាម្ចាស់ផ្ទះជាអ្នកយកលុយពីអាជីវក គឺឱ្យម្ចាស់ផ្ទះអ្នកចេញសង់លុយជូនអាជីវករវិញទាំងអស់។
លោក សាន ស៊ានហូ បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក ចុះពិនិត្យអប់រំណែនាំ ដល់បងប្អូនអាជីវករ ដែលរស់នៅ និងតាំងលក់ជុំវិញបរិវេណផ្សារត្រី ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន ស៊ានហូ បានលើកឡើងថា ការតាំងលក់ដោយដាក់គ្រែ តូប នៅលើផ្លូវសារធារណៈ ពិតជាបង្កភាពអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះ និងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ គ្មានអនាម័យ។ ជាមួយនោះចំពោះអ្នកដែលមានផ្ទះ តូប ដែលតសំយាបបំពានផ្លូវសាធារណៈដើម្បីតាំងលក់ និងជួលឱ្យអ្នកលក់ ក៏កំពុងបង្កយ៉ាងធ្ងន់ធ្ងរផងដែរ ដល់ការធ្វើចរាចរណ៍រថយន្តចេញ ចូល ពិសេសរថយន្តសង្គ្រោះ មិនអាចចូលជួយបានទេ នៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យម្តងៗ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ មានអគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្សារត្រី នេះហើយបានបំផ្លាញផ្ទះអ្នកលក់ដូរ អស់ចំនួន៥ខ្នង និងខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ ហើយការខូចខាតនេះ គឺបណ្តាលមកពីរថយន្តអគ្គិភ័យ មិនអាចចូលទៅដល់ទីតាំងផ្ទះ ដែររងការឆេះនោះ ព្រោះតែផ្លូវមានស្ថានភាពតូចចង្អៀត។
លោកបានបន្ថែមថា ដោយសារតែប្រការនេះហើយ ទើបរដ្ឋបាលក្រុង ក្រោមការណែនាំពីរដ្ឋបាលខេត្ត លោក សួន បវរ បានចុះធ្វើការណែនាំ ផ្សព្វផ្សាយឱ្យបងប្អូន ដែលមានជាប់ពាក់ពន្ធ័នឹងការរំលោភ យកចំណីផ្លូវសាធារណៈទៅធ្វើអាជីវកម្ម ដោយដាក់តាំង លក់ តសំយាប ឱ្យរុះរើ និងកាត់ចេញជាបន្ទាន់ ឱ្យបានមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឱ្យផ្លូវមានភាពស្រឡះធំទូលាយ ហើយប្រសិនមិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលក្រុង និងចាត់វិធានការក្តៅ រុះរើចេញដោយមិនអាចលើកលែងបានឡើយ។
លោក សាន ស៊ានហូ បានសង្កត់ធ្ងន់ថា ប្រសិនជាដល់ពេលកំណត់ហើយ នៅតែបន្តសកម្មភាពទៀត ចាប់លើកដាក់ឡានទាំងអស់ មិនថាឡើយគ្រែ បន្លែ សាច់ត្រី គឺយកទៅរក្សាទុកនៅសាលាក្រុងប៉ោយប៉ែត ដើម្បីឱ្យម្ចាស់មកដោះស្រាយ ប្រសិនជាខូចខាត បើខាងផ្សារអ្នកទទួលលុយពីអាជីវក ត្រូវសង់ថ្លៃអាជីវករ បើសិនជាម្ចាស់ផ្ទះជាអ្នកយកលុយពីអាជីវក គឺឱ្យម្ចាស់ផ្ទះអ្នកចេញសង់លុយជូនគាត់វិញ៕