(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ទៅដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីយកទៅអនុវត្ដបន្ដ។
ការផ្តល់អនុសាសន៍ របស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួមជាអធិបតីភាព បិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
អនុសាសន៍សំខាន់ៗ ទាំង៨ចំណុច របស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រួមមាន៖
ទី១៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំជំរុញការកសាងសមត្ថភាព និងអភិវឌ្ឍន៍ស្ថាប័ន ឲ្យមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការងារវិស័យអភិវឌ្ឍន៍ជនបទ និងចូលរួមឲ្យបានកាន់តែស៊ីជម្រៅ នូវកម្មវិធីកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាល ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺមនុស្ស, ទឹក, ផ្លូវ និងភ្លើង។
ទី២៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្ថាបនាផ្លូវជនបទ និងកែលម្អផ្លូវជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅតាមជនបទឲ្យកាន់មានភាពប្រសើរឡើង។
ទី៣៖ តាមរយៈវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនជនបទឲ្យបានល្អប្រសើរ និងខិតខំសម្រេចឲ្យបាននូវទស្សនវិស័យ នៃគោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា «ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទគ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព» និងផ្សារភ្ជាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ទៅនឹងការលុបបំបាត់បញ្ហាកង្វះ អាហារូបត្ថម្ភគ្រប់ទម្រង់របស់កុមារអាយុក្រោម៥ឆ្នាំ និងស្ត្រីមានផ្ទៃពោះ ដើម្បីធានាថាកុមារកម្ពុជា ពិតជាទំពាំងស្នងឫស្សី និងជាសរសរទ្រូង នៃការអភិវឌ្ឍរបស់ប្រទេសជាតិ យើងទៅថ្ងៃអនាគត។
ទី៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់ទ្វេដង ដើម្បីបន្តកែប្រែឥរិយាបថ នៃការរស់នៅនិងការយល់ដឹង របស់ប្រជាជននៅជនបទ ឲ្យស័ក្តិសមជាប្រទេសមួយ ដែលប្រជាជនមានការយល់ដឹងខ្ពស់ អំពីបញ្ហាសុខភាព និងការរស់នៅស្អាត ជាពិសេសត្រូវជំរុញឲ្យភូមិ ឃុំ ស្រុក និងខេត្ត មានស្ថានភាពអនាម័យកាន់តែល្អប្រសើរ និងបានប្រែក្លាយជាភូមិ ឃុំ ស្រុក ខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឲ្យបានកាន់តែច្រើន។
ទី៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចជនបទ និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលតាមក្រសារ សំដៅកែលម្អឲ្យត្រសារ នៅជនបទមានជីវភាពប្រសើរឡើង តាមរយៈការ ផ្តល់ចំណេះជំនាញ បង្កើតការងារ ផ្តល់ឥណទានសមស្រប រកទីផ្សារ និងបង្កើតបរិយាកាស រស់នៅឲ្យបានល្អប្រសើរ បង្កើនស្ថិរភាពប្រាក់ចំណូលតាមគ្រួសារនីមួយៗ ដើម្បីចូលរួមទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ដោយក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងការងារជំរុញចលនាភូមិ១ ផលិតផល១។
ទី៦៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តអនុវត្តគោលនយោបាយវិមជ្ឈការ ក្នុងការផ្ទេរមុខងារ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរក្សាឲ្យបាននូវស្ថិរភាពនៃការអនុវត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយ បរិយាប័ន្ន ផ្អែកលើគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ក្នុងនោះ ត្រូវបន្តកិច្ចសហការល្អ ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាជនដើម្បីធានាឲ្យបាន នូវការអភិវឌ្ឍជនបទប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន ភាពធន់ និងចីរភាព។
ទី៧៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹង និងថែរក្សាតួនាទី និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមជ្ឈមណ្ឌលមួយ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តរបស់ប្រជាជន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការងារកសិកម្ម ជំនាញវិជ្ជាជីវៈផ្សេងៗ និងមុខរបរខ្នាតតូច និងមធ្យមនានា។
ទី៨៖ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការជាដៃគូ វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថលនានា សម្រាប់ទ្រទ្រង់ នៃកិច្ចដំណើរការអភិវឌ្ឍនៅជនបទ ធានាបាននិរន្តរភាពនៃការអភិវឌ្ឍ និងរួមចំណែកឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចជាលំដាប់ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕