(ភ្នំពេញ)៖ នគរបាលអង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាច្រើននាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យជិត២០គ្រឿង សម្រាប់ជួយអន្តរាគមន៍ទៅលើគ្រោះថ្នាក់អគ្គិភ័យ ដែលអាចនឹងកើតមានឡើង នៅក្នុងអំឡុងពេលចូលឆ្នាំចិន ចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ២០១៩ខាងមុខនេះ។
លោក ព្រំ យ៉ន ប្រធានអង្គភាពនគរបាលពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា អង្គភាពរបស់លោកបានត្រៀមកម្លាំងជាច្រើននាក់ ដាក់ពង្រាយនៅតាមគោលដៅចំនួន៨ ក្នុងរាជធានីភ្នំពេញ ដោយក្នុង១គោលដៅមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីត្រៀមចាំអន្តរាគមន៍គ្រោះអគ្គិភ័យ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងអំឡុងពេលចូលឆ្នាំចិន។
លោកបញ្ជាក់ថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងរាជធានីភ្នំពេញទាំងតូចទាំងធំចំនួន១០ករណី ហើយខណៈកាលពីឆ្នាំ២០១៨កន្លងទៅ គ្រោះអគ្គិភ័យបានកើតឡើង នៅក្នុងរាជធានីភ្នំពេញសរុបចំនួន៩៦ករណី៕