(ភ្នំពេញ)៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតបដិសេធមួយ ដោយបញ្ជាក់ថា បុគ្គលឈ្មោះ ឡុក សំរិទ្ធ ថាមិនមែនជាបុគ្គលិករបស់ខ្លួនឡើយ និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអ្នកដែលយកឈ្មោះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ទៅស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។
អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានបញ្ជាក់ថា ការចេញមុខបដិសេធនេះ ធ្វើឡើងបន្ទាប់ពីកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនបានយកឈ្មោះវិទ្យុ និងទូរទស្សន៍អប្សរា ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាក់ស្តែង ទំព័រហ្វេសប៊ុក «ព័ត៌មានពិត» ដែលផ្សាយនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០១៩នេះ ដោយបង្ហាញរូបថតបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា ឡុក សំរិទ្ធ ជាមួយសារថា «អាងខ្លួនជាអ្នកកាសែតប្រចាំទូរទស្សន៍អប្សរា ដើរជំរិតទារប្រាក់គ្រប់ទីកន្លែង សូមអស់លោកប្រុងប្រយ័ត្ន»។
អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមធ្វើការបដិសេធ និងគូសបញ្ជាក់ថា «បុគ្គលដែលគេស្គាល់ឈ្មោះថា ឡុក សំរឹទ្ធ ដែលមានបញ្ជាក់នៅក្នុងរូបនេះ មិនមែនជាបុគ្គលិកបម្រើការឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាទេ។ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះបុគ្គលទាំងឡាយណា ដែលបាននឹងកំពុងតែបន្តយកឈ្មោះស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ទារប្រាក់ជាថ្នូរនឹងការមិនផ្សាយព័ត៌មានជាដើម»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានស្នើសុំដល់កម្លាំងសមត្ថកិច្ច មេត្តាចាត់វិធានការតាមច្បាប់ចំពោះជនល្មើសទាំងនោះ៕