(ភ្នំពេញ)៖ ជនជាតិចិនចំនួន១៣នាក់ថែមទៀត ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់រឿងលួច ផលិតបារីក្លែងក្លាយនៅប្រទេសកម្ពុជា នាំចេញទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានច្រក ទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានថ្លែងបញ្ជាក់ថា «ក្រោមការបញ្ជារដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន១៣នាក់/ស្រី០២នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ»។
បើតាមឧត្តមសេនីយ៍រូបនេះ ជនជាតិចិនទាំង១៣នាក់នេះ ជាឧក្រិដ្ឋជនដែលរត់គេចពីប្រទេសចិន មកសំងំលាក់ខ្លួនផលិតបារីក្លែងក្លាយ ក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។
លោកបានបន្តថា ក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបបាននៅទីតាំងប្រព្រឹត្តបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅទឹកដីខេត្តកណ្ដាល។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចិនក៏បានយកយន្តហោះពិសេសចំនួន ០១គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៅទីក្រុងសៀងហៃ ប្រទេសចិន៕