(ចិន)៖ មន្ត្រីផ្នែកពន្ធម្នាក់នៅប្រទេសចិនបានឱ្យដឹងថា ចាប់ពីពេលដែលចិនបានចាប់ផ្ដើមអនុវត្តច្បាប់ថ្មី ស្ដីអំពីពន្ធលើប្រាក់ចំនូលបុគ្គលនាដើមខែមករាមក វាបាននាំឱ្យការប្រមូលពន្ធកាន់តែយុត្តិធម៌ និងសមហេតុផល។
រដ្ឋាភិបាលកណ្ដាលចិន បានចាប់ផ្ដើមអនុវត្តច្បាប់ថ្មីនេះ ចាប់ពីថ្ងៃទី១មករាមក ពោលគឺបន្ទាប់ពីរដ្ឋបានដំឡើងអត្រារួចពន្ធលើប្រាក់ចំនូលបុគ្គល ពី៥១៩ដុល្លារអាមេរិក មកជា៧៤១ដុល្លារអាមេរិកនៅក្នុង១ខែវិញ ឬ ស្មើនឹង៨៩០០ដុល្លារអាមេរិកក្នុង១ឆ្នាំ។ គេរំពឹងថាការដំឡើងអត្រារួចពន្ធនេះ នឹងជួយឱ្យប្រជាជនរាប់សិបលាននាក់ នៅប្រទេសចិន អាចរួចពន្ធលើប្រាក់ចំនូលរបស់ពួកគេ។
ម្យ៉ាងទៀត ច្បាប់ថ្មីនេះក៏មានការបន្ថយពន្ធជាលក្ខណៈជាក់លាក់មួយចំនួនផ្សេងទៀតជាលើកដំបូងផងដែរ នៅក្នុងប្រទេសចិន ដែលការបន្ថយពន្ធនេះមានផ្ដល់ជូនទៅលើ៦ចំណុចដូចជា ថ្លៃសាលាកូន ថ្លៃបន្តការសិក្សាផ្ទាល់ខ្លួន ថ្លៃព្យាបាលជំងឺធ្ងន់ធ្ងរ ថ្លៃការប្រាក់បង់រំលោះផ្ទះ ថ្លៃជួលផ្ទះ និងថ្លៃមើលថែមនុស្សចាស់។
អ្នកនាង យ៉ាង មីន ប្រធានផ្នែកពន្ធលើប្រាក់ចំនូលបុគ្គល អង្គភាពពន្ធលើប្រាក់ចំនូល នៃអគ្គនាយកដ្ឋានពន្ធដារចិន និយាយថា «កំណែទម្រង់ពន្ធនេះ មានប្រសិទ្ធភាពធំបំផុតទៅលើការកាត់បន្ថយពន្ធលើប្រាក់ចំនូលរបស់ប្រជាពលរដ្ឋដែលមានចំនូលទាបនិងមធ្យម។ ដោយសារតែរដ្ឋបានដំឡើងអត្រារួចពន្ធ អ្នកបង់ពន្ធមួយចំនួនអាចទទួលបានការបន្ថយពន្ធបន្ថែមប្រហែល៣០០ដុល្លារទៅ៤៤៥ដុល្លារអាមេរិក ក្នុងមួយខែ។ ដូច្នេះបើសិនជាយើងដករបបសន្តិសុខសង្គមទាំងបី និងរបបផ្ទះសំបែងមួយចេញ ប្រជាជនដែលមានចំនូលប្រហែល១៥០០ដុល្លារអាមេរិកក្នុងមួយខែ ប្រហែលជាមិនតម្រូវឱ្យបង់ពន្ធទេ។ ហេតុផលដែលយើងគិតគូរទៅលើការចំណាយទាំងនេះ គឺដោយសារតែ ប្រព័ន្ធប្រមូលពន្ធនេះតម្រូវឱ្យច្របាច់បញ្ចូលគ្នា រវាងការយកពន្ធជាទូទៅ និងការយកពន្ធជាក់លាក់ ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធប្រមូលពន្ធនេះ កាន់តែមានយុត្តិធម៌និងសមហេតុផល»។
គេរំពឹងថា គោលការណ៍បន្ថយពន្ធពិសេសនេះ នឹងបន្ថយពន្ធបានជាង៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ទាំងមូល។
លោក វ៉ាង លិ អ្នកគ្រប់គ្រងផ្នែកផលិតកម្ម ក្រុមហ៊ុនផលិតទឹកដោះគោនៅចុងឈីង និយាយថា «ក្នុងខែកញ្ញា២០១៨ ខ្ញុំត្រូវបង់ពន្ធប្រហែល៣០ដុល្លារ។ ដល់ខែតុលា២០១៨ ខ្ញុំត្រូវបង់ប្រហែលជាង១៥ដុល្លារ។ ហើយត្រឹមឆ្នាំ២០១៩ ខ្ញុំអាចមានសិទ្ធទទួលបានការបន្ថយពន្ធ ពិសេសបន្ថែមចំនួន៤៤៥ដុល្លារអាមេរិក អញ្ជឹងខ្ញុំមិនជាប់ពន្ធទៀតទេ។ វានាំឱ្យប្រាក់ខែក្រោយគិតពន្ធរបស់ខ្ញុំ មានចំនួនច្រើនជាងមុនប្រហែល៣០ដុល្លារអាមេរិក»។
ក្រុមហ៊ុននេះក៏ឃើញមានការផ្លាស់ប្តូរជារួម ទៅលើបុគ្គលិកដែលជាប់ពន្ធផងដែរ។
អ្នកនាង ចូវ ជាភីង ប្រធានផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនផលិតទឹកដោះគោនៅចុងឈីង និយាយថា «មុនពេលមានកំណែទម្រង់ពន្ធនេះ យើងមានបុគ្គលិកចំនួន១៨៩០នាក់ដែលជាប់ពន្ធលើប្រាក់ខែ។ តែក្រោយពីខែតុលា២០១៨មក ចំនួននេះធ្លាក់មកសល់១៤០០នាក់វិញ។ ហើយត្រឹមខែមករា ២០១៩ វាថយមកត្រឹម៨០០នាក់ប៉ុណ្ណោះ»៕ (សារព័ត៌មាន CCTV របស់ចិន)