(ចិន)៖ វិស័យប្រើប្រាស់ក្នុងប្រទេសចិន កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា នៅឱកាសដែលពិធីបុណ្យចូលឆ្នាំចិន ជិតឈានចូលមកដល់។
កម្មវិធីពិព័រណ៍ជាច្រើនប្រភេទ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន នឹងមានរៀបចំឡើង នៅទូទាំងប្រទេសចិន ហើយវានឹងទាក់ទាញអ្នកដើរទិញទំនិញជាច្រើននាក់ ដែលកំពុងត្រៀមខ្លួនអបអរសាទរ ពិធីបុណ្យរយៈពេល១៥ថ្ងៃនេះ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៥កុម្ភៈតទៅ។
ដោយមានប្រវត្តិប្រហែល៣០០ឆ្នាំ ពិព័រណ៍មួយនៅឯក្រុងផរលី ខេត្តសានតុងភាគខាងកើត មានអ្នកមកចូលរួមប្រហែលជាង១សែននាក់ជារៀងរាល់ថ្ងៃ។ អ្នកនាង ឈូ សានហ្វឹន ដែលជាអ្នកលក់ក្រដាសនាំសិរីសួស្តីបានប្រាប់ថា គ្រឿងតុបតែងនាថ្ងៃបុណ្យទាំងនេះ ឆ្លុះបង្ហាញឱ្យឃើញអំពីភាពរីកចម្រើន នៃជីវភាពរស់នៅរបស់ប្រជាជនចិន។
អ្នកនាង ឈូ សានហ្វឹន អ្នកលក់ក្រដាសនាំសិរីសួស្ដី បានថ្លែងថា «ឥឡូវនេះអ្នកភូមិយើងរស់នៅសំបូរសប្បាយណាស់ ហើយម្នាក់ៗសុទ្ធតែមានឡានជិះអស់ហើយ។ ដូច្នេះពួកគេត្រូវការពង្រីកផ្លូវចូលផ្ទះឱ្យធំជាងមុន ដើម្បីចូលឡាន។ អញ្ជឹងហើយបានជាគេនាំគ្នាទិញក្រដាសនាំសិរីសួស្ដីដែលធំជាងមុន សម្រាប់បិទនៅមាត់ទ្វាផ្ទះ»។
ក្រៅពីទំនិញដែលគេតែងទិញសម្រាប់អបអរចូលឆ្នាំចិនទៅ គេក៏ឃើញមានគេលក់ទំនិញនាំចូលជាច្រើនប្រភេទផងដែរ។ ជាក់ស្ដែងនៅឯផ្សារ យីវូ នៅខេត្តជឺជាំង មានផលិតផលប្រហែល9ម៉ឺនប្រភេទមកពីជាង១០០ប្រទេសនិងតំបន់ មានដាក់លក់។ កាលពីពេលថ្មីៗនេះ ពិព័រណ៍រយៈពេល១០ថ្ងៃមួយដែលសម្រាប់ផ្សព្វផ្សាយលក់ទំនិញនាំចូលនៅក្រុងនេះ អាជីវករអាចលក់ទំនិញបានប្រាក់ដល់ទៅ១៩៨លានដុល្លារអាមេរិកឯណោះ។
អ្នកដើរទិញទំនិញម្នាក់និយាយថា «ខ្ញុំបានទិញប្រដាប់លុញម្សៅរបស់អាហ្វ្រិក សម្ភារៈទារករបស់អាល្លឺម៉ង់ និងស្រាក្រហមមកពីបារាំងនិងអ៊ីតាលី។ សរុបទៅ គឺអស់លុយជិត៣០០ដុល្លារអាមេរិក»។
បើនិយាយអំពីការជួបជុំញុំាអាហារពេលល្ងាចវិញ ពលរដ្ឋចិនខ្លះនិយមទៅភោជនីយដ្ឋាន ហើយខ្លះក៏ទិញជាលក្ខណៈខ្ចប់សម្រាប់យកមកពិសារនៅឯផ្ទះជាមួយគ្រួសារ នាឱកាសបុណ្យចូលឆ្នាំចិននេះ។
លោក លាំង ហ្វ៊ូជា ថៅកែក្រុមហ៊ុនផ្ដល់សេវាអាហារចល័ត និយាយថា «នៅតង់ទីមួយ យើងផ្ដល់សេវាអាហារចាប់ពីម៉ោង៤កន្លះល្ងាចដល់៧កន្លះយប់ ហើយតង់ទីពីរ គឺចាប់ពីម៉ោង៧កន្លះយប់ ដល់៩កន្លះយប់»៕ (សារព័ត៌មាន CCTV របស់ចិន)