(ហ្វាំងឡង់ដ៏)៖ កម្ពុជា និងសាធារណរដ្ឋហ្វាំងឡង់ដ៍ បានចុះកិច្ចព្រមព្រៀងរវាគ្នារួចហើយ លើសេវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំង២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Anne Berner រដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍ និងជាសមាជិកសភា នៃសាធារណរដ្ឋហ្វាំងឡង់ដ៍។
កិច្ចប្រជុំនេះនឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធថែមទៀត លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានស្នើសុំលោកស្រី Anne Berner ឲ្យជួយជំរុញដល់ក្រុមហ៊ុនអាកាចរណ៍ហ្វីនអ៊ែរ (Finnair) នៃសាធារណរដ្ឋហ្វាំងឡង់ដ៍ ពិចារណារៀបចំកម្មវិធីហោះហើរ ដោយផ្ទាល់មកកាន់កម្ពុជា យោងតាមកំណើនដ៏ឆាប់រហ័ស នៃអ្នកដំណើរតាមផ្លូវអាកាសពីសហគមអឺរ៉ុប ឬតាមរយៈការពង្រីកជើងហោះហើរ ជាលក្ខណៈសិទ្ធិហោះហើរទី៥ ដែលក្រុមហ៊ុននេះ និងកំពុងហោះហើរមកកាន់ប្រទេសថៃឡង់ដ៏ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសប្រមាណជាង១០លាននាក់ដោយមានអត្រារីកចំរើន២៥% បើប្រៀបធៀបនឹងឆ្នាំ២០១៧៕