(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធដើម្បីប្រកាស ការចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅ កាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» អាណត្តិទី៣ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ សូមត្រៀមឱ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានដឹកនាំអង្គប្រជុំ ក៏បានអំពាវនាវដល់គ្រប់ គណបក្សនយោបាយទាំងអស់ សូមត្រៀមឱ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សានេះ»

តាមសេចក្តីប្រកាសព័ត៌មាននេះ លោក នុត សុខុម បានថ្លែងថា ដើម្បីធានាឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី និងភារកិច្ចរៀងខ្លួន គ្រប់ដំណាក់កាលនៃការបោះឆ្នោត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់។

លោកថា ដំណាក់កាលសំខាន់ៗនៃការបោះឆ្នោតមាន ដូចខាងក្រោម៖

*ដំណាក់ការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត៖ យោងតាមប្រតិទិនរបស់ គ.ជ.ប ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។ អ្នកបោះឆ្នោត សម្រាប់ការបោះៗជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិកសរុបចំនួន ១១,៥៧២នាក់ ទូទាំងប្រទេស។ ការចុះឈ្មោះត្រូវអនុវត្តន៍តាមរបៀបស្រង់ឈ្មោះ នៅតាមឃុំ សង្កាត់ និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប។

*ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ចីបេក្ខជនឈរឈ្មោះ៖ គឺមានរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។

*ដំណាក់កាលឃោសនាបោះឆ្នោត៖ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានយៈពេល៨ថ្ងៃ ត្រូវបានកាត់បន្ថយ ដែលកាលពីអាណត្តិទី១ និងអាណត្តិទី២ ការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ។

*ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។

*ការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត។

សូមរំលឹកថា តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥៕