(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា ការដាក់សម្ពាធទាំងឡាយមកលើប្រទេសកម្ពុជា តាមការញុះញង់របស់ក្រុមមួយដែលសម្តេចទំនងជាសម្តៅទៅក្រុមប្រឆាំងរត់ចោលស្រុក គឺជាការចូលរួមចំណែកអនុវត្តផែនការបដិវត្តពណ៌។
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនេះសម្តេចពិជ័យសេនា បានរិះគន់ចំពោះការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំង តាមរយៈផែនការបដិវត្តពណ៌ នៅឆ្នាំ២០១៣។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរចំពោះភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់បដិវត្តពណ៌នេះបានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា។
សម្តេចពិជ័យ ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់ នូវការបង្កចលាចល ដែលជាការប៉ុនប៉ងប្រើប្រាស់កម្លាំងប្រជាជន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទន្ទឹមនឹងនេះ សម្តេចបានរិះគន់ដល់ក្រុមប្រឆាំង ដែលទំនងជាសំដៅលើលោក សម រង្ស៉ី ដែលដើរភូតភរបរទេសឱ្យដាក់សម្ពាធលើកម្ពុជាជាដើម។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ផ្ទាល់ខ្លួនខ្ញុំ កំពុងតែសន្និដ្ឋានថា ការដាក់សម្ពាធទាំងឡាយក៏បានរួមចំណែកក្នុងការអនុវត្តបដិវត្តពណ៌ដែរ ខ្ញុំចាត់ទុកអញ្ចឹងតែម្តង ព្រោះថាធ្វើយ៉ាងណាឱ្យសភាពការឆ្លើយតបតាមបំណងរបស់ខ្លួនដែលចង់បាន គឺចង់បានអ្វី គឺការដោះលែងអ្នកជាប់ឃុំ ឱ្យអ្នកតុលាការសម្រេចហាមធ្វើនយោបាយ»។
យ៉ាងណាក៏ដោយ សម្តេចក៏បានចម្អកដល់ប្រទេសមួយចំនួន ដែលមានទ្រពសម្បត្តិ និងធនធានមនុស្សសុទ្ធតែបណ្ឌិតច្រើនជាងកម្ពុជា បែរជាឆោតល្ងង់ចាញ់បោក ការភូតកុហករបស់ក្រុមប្រឆាំង ដោយធ្វើការចោទប្រកាន់មកលើប្រទេសកម្ពុជាថា មិនគោរពសិទ្ធិមនុស្ស ឬមិនមានប្រជាធិបតេយ្យជាដើម។ សម្តេចចាត់ទុកថា នេះជាការចោទប្រកាន់ខុសពីការពិត គ្រាដែលប្រទេសកម្ពុជាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងរៀបចំការបោះឆ្នោតជាទៀតទាត់រាល់៥ឆ្នាំម្តងផងដែរ។
សម្តេចក៏បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណា ទោះតម្លៃណាក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឲ្យបដិវត្តពណ៌ និងការបង្កចលាចល កើតឡើងនៅលើទឹកដីរបស់ខ្លួន សារជាថ្មីទៀតឡើយ៕