(កំពត)៖ ឆ្នេរខ្សាច់ថ្មីដែលជាឆ្នេរខ្សាច់សិប្បនិម្មិតមួយ ស្ថិតនៅចំណុចឆ្នេមាត់សមុទ្រ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានចាប់ផ្តើមកសាងឡើងតាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តកំពត ដែលពីមុនវិសាលភាពសមុទ្រ មានតែឆ្នេរ តែគ្មានឆ្នេរខ្សាច់ដូចខេត្តជាប់មាត់សមុទ្រដ៏ទៃទៀត។ នេះជាការបញ្ជាក់ដោយមោទនភាពរបស់មន្រ្តីជាន់ខ្ពស់សាលាខេត្តកំពត បន្ថែមទៀតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។
រដ្ឋបាលខេត្តកំពតក្នុងអាណត្តិ លោកអភិបាលខេត្ត ជាវ តាយ បានផ្តួចផ្តើមឲ្យឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកំពត ឲ្យមានឆ្នេរខ្សាច់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត លេងកាន់តែច្រើនថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ពិសេសរដ្ឋបាលខេត្ត នឹងទទួលជាម្ចាស់ផ្ទះ សម្រាប់រៀបពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ ដោយឆ្លងតាមការប្រជុំសម្រេចរបស់ថ្នាក់ខេត្ត ក៏ដូចជា ក្រសួងពាក់ព័ន្ធ កាលពីពាក់កណ្តាល ឆ្នាំ២០១៨។
ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យរដ្ឋបាលខេត្តកំពត កសាងឆ្នេរខ្សាច់សិប្បនិម្មិតថ្មីមួយ ដែលកំណត់នៅក្នុងភូមិសាស្ត្រ នៃឃុំបឹងទូកខាងលើ ធ្វើយ៉ាងណាឲ្យហើយរួចរាល់ នៅមុនថ្ងៃបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ។
លោកស្រី មូ សុខុម មេឃុំបឹងទូក ជាតំណាងប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋរបស់គាត់ រួមនិងប្រជានេសាទ សហគមន៍ និងអង្គការទ្រទ្រង់អ្នកនេសាទ បានគាំទ្រពេញទំហឹង និងសម្តែងសេចក្តីសប្បាយរីករាយ ពេលឃើញការរៀបចំអភិវឌ្ឍនតំបន់ឆ្នេរកម្សាន្តនេះ ដែលបាននិងកំពុងធ្វើការអភិវឌ្ឍន៍ បានរយៈពេល២ខែកន្លងមក និងកំពុងបន្តធ្វើតាមផែនការរបស់រដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាលដែរ។
លោកស្រីមេឃុំបន្តថា ប្រជាពលរដ្ឋ និងប្រជាសហគមន៍អ្នកនេសាទ ដែលរស់នៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ មានសេចក្តីសេចក្តីត្រេកអរយ៉ាងខ្លាំង ពេលឃើញឆ្នេរខ្សាច់កម្សាន្ត ត្រូវបានបើកដំណើរការរៀបចំបង្កើតឡើង សម្រាប់ឲ្យភ្ញៀវទេសចរ មកកម្សាន្តនៅមុនថ្ងៃ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះ។
ពួកគេយល់ថា ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារ ដល់អ្នកភូមិទូទៅថែមទៀតផង។
លោក គង់ សំណាង អ្នកគ្រប់គ្រង់គម្រោងរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរ បានប្រាប់ឲ្យដឹងថា កំពតជាខេត្តទេសចរមួយជាប់សមុទ្រ ក្នុងភាគនារិតីនៃកម្ពុជា ដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។ ខេត្តនេះមានតំបន់ទេសចរចំនួន១៧កន្លែងសំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវ រហូតដល់ទៅជិតពីរលាននាក់ក្នុងឆ្នាំ២០១៨នេះ។
ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពត ដោយមានការជ្រោមជ្រែងគាំទ្រ ពីក្រសួងទេសចរណ៍ផង លោកបានទទួលការងាររៀបចំចាក់ដី និងខ្សាច់ដើម្បីអភិវឌ្ឍន៍តំនប់ឆ្នេរសម្រាប់កម្សាន្ត លើផ្ទៃដីប្រមាណ២០០ហិកតា ហើយគម្រោងចំណាយថវិកាប្រមាណជិត២,០០០លានដុល្លារ។
ជាគោលការណ៍របស់រដ្ឋបាលខេត្ត ឆ្នេរមួយនេះ នឹងត្រូវធ្វើឲ្យទាន់មុនថ្ងៃបុណ្យសមុទ្រមកដល់ បើទោះមិនទាន់រួចរាល់មួយរយភាគរយ ក៏ត្រូវតែធ្វើឲ្យមានឆ្នេរសម្រាប់ទេសចរមកកម្សាន្ត។ បើតាមគម្រោង តំបន់ឆ្នេរនេះ នឹងមានអគារខ្ពស់ៗ សណ្ឋាគារផ្តាយប្រាំ មានមន្ទីរពេទ្យ សាលារៀន កំពង់ផែរ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិជាដើម៕