(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិ ឃុំ សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ជាមួយបងប្អូនតាមគ្រួសារតាមខ្នងផ្ទះនីមួយៗ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ និងប្រកាសទទួលស្គាល់ប្រធានកិត្តិយស រួមទាំង អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ។

អគ្គលេខាធិការ គន់ គីម បានបន្តថា រាល់ការចុះជួបបងប្អូនត្រូវពិនិត្យស្ថានភាពជីវភាព សុខភាពរបស់គ្រួសារនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយបញ្ហារបស់បងប្អូន ពេលឃើញពីទុក្ខលំបាក ដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬមានជំងឺ ត្រូវសង្គ្រោះ ឬបញ្ជូនទៅមន្ទីរពេទ្យ ឬបង្កលក្ខណៈឲ្យទទួលបានសេវាសាធារណៈផ្សេងៗ។ ដាច់ខាតមិនត្រូវទុកឲ្យបងប្អូនជួបទុក្ខលំបាក ដោយយើងមិនបានដឹងហើយ មិនបានដោះស្រាយនោះឡើយ។

លោកបន្ថែមថា ជាការពិតអតីតយុទ្ធជនយើងត្រូវការចាំបាច់ នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែងការងារដែលយើងបានសហការអនុវត្តកន្លងមកដូចជា ការចលនាគ្នា ចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬការសាងសង់ផ្ទះស្នាក់នៅជាដើម គឺជាសកម្មភាពសប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តបន្តទៀត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត ជំនួសលោក លី ឡេង ដែលផ្លាស់ប្តូរភារកិច្ច និងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយអគ្គលេខាធិការ គន់ គីម បានទទួលស្គាល់បន្ថែម ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ចំនួន៤រូបរួមមាន៖

ទី១៖ លោកគី វារិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ទី២៖ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ទី៣៖ លោក អ៊ំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត និងទី៤៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា សន្តិភាពដែលគ្របដណ្តប់ពេញផ្ទៃប្រទេសដូចសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់បាន ពីការលះបង់ដ៏ធំធេងរបស់វីរអតីតយុទ្ធជនយើងបានឡើយ។ ដូចនេះការគិតគូរ ពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ក្នុងនាមជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោក ជាម ច័ន្ទសោភ័ណ បានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងខិតខំចលនាកៀងគរសប្បុរសជននានា ដើម្បីដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់បងប្អូន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសផ្តល់ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន ជាសមាជិកសមាគមក្រលំបាក លើដីជាកម្មសិទ្ធិស្រាប់ ចំនួន៤៩គ្រួសារ ដើម្បីបងប្អូនមានជម្រកស្នាក់នៅសមរម្យ៕