(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា បញ្ហាស្រូវធ្លាក់ថ្លៃ ជាបញ្ហាសំខាន់ ខណៈអាជ្ញាធរខេត្ត និងអភិបាលស្រុក-ក្រុង កំពុងតែធ្វើកិច្ចការនេះហើយ ប៉ុន្តែទន្ទឹមនឹងនេះ លោកមេឃុំ ចៅសង្កាត់ ដែលជាមន្ត្រីនៅក្នុងមូលដ្ឋាន ត្រូវចុះជាប់ជាមួយប្រជាកសិករ ដើម្បីចុះប្រមូលទិន្នន័យផលស្រូវឲ្យបានជាក់លាក់ ងាយស្រួលក្នុងការរកក្រុមហ៊ុនឯកជន ជួយទិញទិន្នផលស្រូវ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោក គួច ចំរើន បានបានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញប្រកាសចូលកាន់តំណែង លោក ស្រី ប៉ាង ដានី ជាអភិបាលរងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា មិនយូរប៉ុន្មានមកនេះ លោកបានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន ដើម្បីជួយទិញទិន្នផលស្រូវរបស់កសិករនៅស្រុកព្រៃឈរ បន្ទាប់ពីប្រជាកសិករបានរអ៊ូរទាំថា ការដាំស្រូវបានទិន្នផលតិចហើយ ពិបាករកទីផ្សារទៀត ប៉ុន្តែអ្វីដែលជាបញ្ហានោះ នៅពេលដែលយើងរកដៃគូ ដើម្បីទិញទិន្នផលស្រូវបានហើយ បែរជាគ្មានទិន្នន័យជាក់លាក់ ដើម្បីផ្ដល់ព័ត៌មានជូនក្រុមហ៊ុនទៅវិញ។

លោកបានបន្ថែមថា «ចំណុចនេះហើយដែលយើងត្រូវទម្លាប់ស្រង់ទិន្នន័យ ឲ្យបានជាក់លាក់ ងាយស្រួលផ្ដល់ព័ត៌មានជូនទៅដៃគូ ដែលត្រូវទិញស្រូវពីប្រជាកសិករយើង»។ អភិបាលខេត្តសង្ឃឹមថា អភិបាលស្រុក-ក្រុងទាំងអស់ ត្រូវយកទិន្នន័យទាំងនោះ ទៅផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់ និងចូលរួមតាមដានឲ្យបានច្បាស់លាស់ទាំងអស់គ្នាថា កន្លែងណាដែលបងប្អូនបានច្រូតកាត់ ហើយគ្មានអ្នកទិញ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា «ប្រជាកសិករយើងបច្ចុប្បន្ននេះមិនដូចពីមុនទេ ដោយកសិករយើងពីមុន មានពេលវេលាច្រូតកាត់ បោកបែន និងរក្សាស្រូវទុកក្នុងជង្រុក ទើបបានធ្វើការដោះដូរជាក្រោយ។ ប៉ុន្តែមកដល់ដំណាក់កាលនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដូចកាលនោះ លែងមានទៀតហើយ បានន័យថា បច្ចុប្បន្នកសិកររបស់យើង ច្រូតស្រូវចេញពីស្រែ គឺត្រូវចូលបាវលក់តែម្ដង ហើយប្រសិនបើយឺតយ៉ាវ ក្នុងការទិញនេះតែមួយថ្ងៃ ស្រូវ នឹងខូច ដែលចំណុចនេះ លោកមេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហានេះ ដែលអស់លោក លោកស្រី ជាអ្នកនៅជិតកៀក ជាមួយនឹងបងប្អូនប្រជាកសិករយើង»