(ស្ទឹងត្រែង)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោយការធ្វើបទអន្តរាគមន៍ និងពិភាក្សាយ៉ាងផុលផុសអស់រយៈពេល១ថ្ងៃកន្លះ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន» បានបិទបញ្ចប់ក្រោមវត្តមាន អ្នកចូលរួមអ្នកពាក់ព័ន្ធសរុបចំនួន២៥០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា «បញ្ហាគ្រឿងញៀន គឺជាបញ្ហាសង្គមមួយដ៏ស្មុគស្មាញ ដែលយើងមិនអាចធ្វើការដោះស្រាយ ដោយពឹងផ្អែកតែលើសមត្ថកិច្ចណាមួយ ឬ អាជ្ញាធរ នៅថ្នាក់ណាមួយបានឡើយ។ ការដោះស្រាយបញ្ហាគ្រឿងញឿន ត្រូវតែមានការចូលរួមពីគ្រប់សមាសភាពសង្គម ដោយចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាព ដោយមានយន្តការច្បាស់លាស់នៅក្នុងមូលដ្ឋាន និងធ្វើការងារជាពហុវិស័យ»។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឆ្លងតាមលទ្ធផល នៃអង្គសិក្ខាសាលា ដើម្បីលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តីទី៦ នៃរាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាព បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖
*ទី១៖ ខេត្តនីមួយៗ ត្រូវរៀបចំឱ្យមានផែនការប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន និងដាក់ឱ្យអនុវត្តជាប្រចាំពីថ្នាក់ខេត្ត ដល់ភូមិ-ឃុំ/ សង្កាត់។ ផែនការនេះត្រូវមានខ្លឹមសារ និងសកម្មភាពឆ្លើយតប ជាពហុវិស័យស្របតាមយុទ្ធសាស្រ្តទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី២៖ ខេត្តនីមួយៗ ត្រូវរៀបចំយន្តការ និងរចនាសម្ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន ច្បាស់លាស់ចាប់ពីថ្នាក់ខេត្ត ក្រុង/ស្រុក សង្កាត់/ឃុំ ( មូលដ្ឋាន ) ឱ្យស្របតាមខ្លឹមសារបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពី ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី៣៖ ខេត្តនីមួយៗ ត្រូវរៀបចំ និងពង្រឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឱ្យមានលទ្ធភាព និងសមត្ថភាពអាចទទួលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនដោយផ្អែកលើសហគមន៍។ ខេត្តក៏ត្រូវរៀបចំយន្តការគាំទ្រ ចំពោះដំណើរការព្យាបាលនេះផងដែរ។
*ទី៤៖ អង្គភាពអនុវត្តច្បាប់ ត្រូវធ្វើការពង្រឹងប្រសិទ្ធភាពស៊ើបអង្គេត ភាពស្មោះត្រង់នឹងវិជ្ជាជីវៈ ដល់មន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ព្រោះកិច្ចការនេះ ជាកត្តាចំបងក្នុងកិច្ចប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
*ទី៥៖ គ្មានកិច្ចសហការល្អរវាងកម្លាំងក្នុងសង្គម ឬកម្លាំងនៅមូលដ្ឋាន គឺគ្មានជោគជ័យ ឬគ្រាន់តែជាជោគជ័យបណ្តោះអាន្ន ហេតុនេះត្រូវពង្រីក និងកៀគរឱ្យមានការចូលរួមនូវកម្លាំងសរុប មធ្យោបាយសរុប នៅក្នុងមូលដ្ឋាន ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងដៃគូ គឺចូលរួមជាធ្លុងមួយរាល់ខ្លឹមសារ នៃការអនុវត្តផែនការប្រតិបត្តិនៅថ្នាក់ ( ស្រុក/ក្រុង ឃុំ/សង្កាត់ និង ភូមិ)។
*ទី៦៖ ខេត្តជាប់ព្រំដែនទាំងអស់ ត្រូវចាប់ផ្តើមជ្រើសរើសភូមិ ឃុំ/សង្កាត់ ជាប់ព្រំដែន រៀបចំធ្វើជាភូមិ ឃ/សង្កាត់ ស គ្មានគ្រឿងញៀន ព្រោះកិច្ចការនេះជាមួយព្រះរាជាណាចក្រថៃ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឯកភាពគ្នាជាគោលការណ៍រួចហើយ។ ជាមួយឡាវ សម្តេចក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសារធារណៈឡាវ ក៏បានព្រមព្រាងគ្នាដែរ។ ត្រូវរៀបចំការងារថ្នាក់ខេត្ត ក្រុង/ស្រុក ដើម្បីជួយការងារ និងគាំទ្រដល់ភូមិ ឃុំសង្កាត់ ស គោលដៅនានា។
*ទី៧៖ ថ្នាក់ជាតិ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយខេត្តក្នុងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ទាំងសម្រាប់ការអនុវត្តខ្លឹមសារបទបញ្ញាលេខ ០១ បប ចុះថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦របស់រាជរដ្ឋាភិបាល និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន សម្រាប់គ្រប់ខេត្តជាប់ព្រំដែន។
*ទី៨៖ ខេត្ត ក្រុង ស្រុក ត្រូវរៀបចំក្រុមការងារមួយ ជួយគាំទ្រដល់ដំណើរការ អនុវត្តភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន។
*ទី៩៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជួយសម្របសម្រួល និងផ្តល់នូវសម្ភារផ្សព្វផ្សាយ អប់រំ ក្នុងជំហានដំបូង នៃការចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិ និងផែនការ ភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ និងផ្តល់ថវិការលើកទឹកចិត្តផងដែរ៕