(ភ្នំពេញ)៖ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់បង្គន់អនាម័យ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅទូទាំងប្រទេស បានជាង៥ម៉ឺនបង្គន់។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

របាយការណ៍នេះ បានបង្ហាញនៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍បានឲ្យដឹងថា លទ្ធផលក្នុងឆ្នាំ២០១៨ ក្រសួងសម្រេចសាងសង់អណ្តូងស្នប់គ្រប់ប្រភេទបានចំនួន ១,៦២៦អណ្តូង ជួសជុលអណ្តូងស្នប់ បានចំនួន ២,៧៦៨ អណ្តូង សាងសង់ និងស្តារស្រះ សហគមន៍បាន៣៧៤ស្រះ សាងសង់អាងត្រងទឹកភ្លៀងបាន១,០៥២អាង សាងសង់ប្រព័ន្ធចែកចាយទឹក តាមទុយោបាន៤៣ប្រព័ន្ធ។

«សាងសង់បង្គន់អនាម័យចាក់ទឹក តាមផ្ទះឯកជនបាន ៤១,៩៨៩ បង្គន់ បង្គន់សាធារណៈបាន៥៨បង្គន់ ផ្តល់ចានបង្គន់តាមផ្ទះប្រជាជន និងទីសាធារណៈបាន១,៦០០កន្លែង សាងសង់ កន្លែងលាងសម្អាតដៃ នៅតាមសាលារៀន១២,៩៧៥កន្លែង»។ នេះបើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា ឆ្នាំ២០១៨នេះ ក្រសួង រួមទាំងដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួង បានស្ថាបនាផ្លូវជនបទក្រាលក្រួសក្រហមថ្មី សរុបបានប្រវែង ៣៩០.៤៦ គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ ពីរជាន់សរុប ១,៦៥.៦គីឡូម៉ែត្រ និងផ្លូវចាក់បេតុងសរុបប្រវែង ៦,៧៤ គីឡូម៉ែត្រ ស្ពានបេតុង៣១កន្លែង ប្រវែង១,៥១៦ម៉ែត្រ សំណង់សិល្បការ្យ (លូប្រអប់ និងលូមូល) សរុបចំនួន៧០៧កន្លែង។

ជួសជុលថែទាំផ្លូវជនបទមាន លក្ខណៈខួប និងប្រចាំទាំងបីប្រភេទ បានចំនួន២២២ខ្សែ បានប្រវែងសរុប២,០៥៨.០៨គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រួសក្រហម១,០១៣.៦១គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ៥៥៣.៩៨គីឡូម៉ែត្រ និងផ្លូវចាក់បេតុង១៥.៨០គីឡូម៉ែត្រ សាងសង់ទំនប់បង្ហៀរ៣កន្លែង ស្តារប្រឡាយទឹកខ្នាតតូចបាន៦ខ្សែប្រវែង១២.៥គីឡូម៉ែត្រ។

របាយការណ៍ដដែល បានបញ្ជាក់ផងដែរថា «បន្ទាប់ពីជួបគ្រោះមហន្តរាយ ដោយទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង ក្រសួងបានជួសជុលផ្លូវស្តារឡើងវិញជាបន្ទាន់បានប្រវែង ២៦៧.៩៥ គីឡូម៉ែត្រ លូមូល២៦កន្លែង លូប្រអប់១កន្លែង និងស្ពាន១កន្លែង»។

ចុះស្រង់ទិន្នន័យខ្សែផ្លូវជនបទ ប្រចាំឆ្នាំបានចំនួន៣០២ខ្សែ ស្មើនឹង៧០៣គីឡូម៉ែត្រ និងធ្វើបច្ចុប្បន្នភាពខ្សែផ្លូវឡើងវិញបាន៣១៦ខ្សែ ប្រវែង ២,៤០០.៣៥គីឡូម៉ែត្រ។ ក្រសួងក៏បានយកចិត្តទុកដាក់ ដាំដើមឈើតាមដងផ្លូវ បានចំនួន៣៣,៨៥០ដើម ក្នុងគោលដៅបង្កើនភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្រៅពីការងារស្ថាបនា ជួសជុលផ្លូវថ្នល់ជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីជួយលើកបង្កើនជីវភាពរស់នៅ របស់ប្រជាជនជនបទ ដូចជា៖ សាងសង់អណ្តូងទឹក ស្រះទឹក ធុងចម្រោះ អាងតម្កល់ទឹក សាងសង់ប្រព័ន្ធចែកចាយទឹកស្អាត តាមទុយោបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ -ល-៕