(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវនីតិសម្បទា បានលើកឡើងថា ក្រសួងសង្គមកិច្ច ក្នុងឆ្នាំ២០១៨ ក្រសួងសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន ដល់វិស័យសង្គមកិច្ច និងអតីតយុទ្ធជន ​នៅទូទាំងប្រទេស​។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា វឌ្ឍនភាពដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានកន្លងមក គឺបានមកពីការប្តេជ្ញាចិត្តខ្ពស់របស់ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកិច្ចសហការល្អពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ និងសប្បុរសជននានា ដែលខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះ។

បន្ថែ​មពីលើនេះ​ រដ្ឋមន្រ្តីបានបង្ហាញឲ្យឃើញថា លទ្ធផលជាផ្លែផ្កាទាំងអស់នោះរួមមាន​៖

១៖ សេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ កុមារមនុស្សចាស់ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានពង្រឹងពង្រីក និងប្រែក្លាយពីសេវាផ្តល់ជំនួយសង្គ្រោះ ទៅជាប្រព័ន្ធសន្តិសុខសង្គមដែលមានយន្តការត្រឹមត្រូវ។

២៖ ​វិស័យសុខុមាលភាពកុមារបានបន្តរីកចម្រើនឥតឈប់ឈរ។ការធ្វើអាជីវកម្មតាមគ្រប់រូបភាពលើកុមារ អំពើហឹង្សាលើកុមារ ការប្រើប្រាស់ពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ អំពើអនាចារនិងអសីលធម៌ផ្សេងៗ លើកុមារត្រូវបានចាត់វិធានការបង្ការ និងទប់ស្កាត់ជាជំហានៗ។

៣៖ វិស័យសុខុមាលភាពជនពិការ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចជា ការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរជូនជនពិការ ជាពិសេសការអនុវត្តរបបគោលនយោបាយឧបត្ថម្ភជនពិការក្រីក្រនៅតាមសហគមន៍។

៤៖ វិស័យសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ។ សមាគមមនុស្សចាស់ ត្រូវបានបង្កើតជាបន្តបន្ទាប់ នៅតាមឃុំសង្កាត់ ដើម្បីជួយរំលែកទុក្ខលំបាករបស់មនុស្សចាស់ ទន្ទឹមនឹងនេះមណ្ឌលថែទាំមនុស្សចាស់ គ្រោងដាក់ឲ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខដែល អាច ទទួលមនុស្សក្រីក្រ គ្មានទីពឹងឲ្យស្នាក់នៅ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឲ្យកិច្ចការថែទាំមនុស្សចាស់ផងដែរ។

៥៖ វិស័យអតីតយុទ្ធជន បានបន្តពង្រឹង ពង្រីកសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្វាហាប់ និងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។បេឡាមរណសង្គ្រោះកំពុងដំណើរការយ៉ាងសកម្ម រួមចំណែកជួយសម្រួលទុក្ខលំបាក ការឧបត្ថម្ភគាំទ្រ និងលើកស្ទួយជីវភាពបងប្អូនអតីតយុទ្ធជនដែលធ្វើឲ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារទទួលការសាទរយ៉ាងខ្លាំង។

៦៖ របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនបាននិងជំរុញឱ្យកាន់តែប្រសើរឡើង តាមរយៈការបើកផ្តល់តាមប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងទាន់ពេលវេលា។ទន្ទឹមនេះ របបសន្តិសុខសង្គមត្រូវបានកែសម្រួល និងដំឡើងជាបន្តបន្ទាប់ស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ។

៧៖ ជំរុញបង្កើនចំនួនបុគ្គលិកសង្គមកិច្ច (Social Worker)តាមរយៈវិទ្យាស្ថានជាតិសង្គមកិច្ច សម្រាប់បម្រើឱ្យវិស័យសង្គមកិច្ចទាំងកម្រិតមធ្យម និងឧត្តម រាប់រយនាក់ក្នុងមួយឆ្នាំៗ ស្របតាមតម្រូវការសង្គមជាតិ និន្នាការសេដ្ឋកិច្ច និងនយោបាយ ក្នុងបរិបទនៃចរន្តសកលភាវូបនីយកម្ម។

លោក វង សូត បានលើកឡើងបែបនេះ​ ​នៅក្នុងពិធីបើកសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់ក្រសួងសង្គមកិច្ច រៀបចំធ្វើនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។

ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានស្នើឲ្យមន្រ្តីក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តប្រឹងប្រែងលើកិច្ចការមួយចំនួនដូចជា ត្រូវបន្តជំរុញ ផ្នែកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយ រងគ្រោះ ជនអនាថា ជនរងគ្រោះដោយជំងឺកាចសាហាវ គ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ, បន្តពង្រឹងពង្រីកសេវាសុខុមាភាពកុមារ យកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់កុមារកំព្រា កុមារពិការ និងកុមារក្នុងគ្រួសារក្រីក្រ, ពង្រឹងពង្រីកសកម្មភាពមជ្ឈមណ្ឌលព្យាបាលបន្សាបនិងស្តារនីតិសម្បទា សម្រាប់ជួយជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន, បន្តពង្រឹងពង្រីកសេវា សុខុមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម , ជំរុញអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០, បន្តអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន, បន្តពង្រឹងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, បន្តពង្រឹង និងពង្រីកដំណើរការវិទ្យាស្ថានជាតិសង្គមកិច្ច សំដៅបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធ ឱ្យស្របតាមតម្រូវការចំពោះមុខ និងអនាគត។

ជាថ្មីម្តងទៀត លោក វង សូត រំពឹងថា អង្គសន្និបាតរបស់យើងនឹងលើកយកនូវបញ្ហាប្រឈមនានា និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ៕