(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានទាំងស្រី្តកូនខ្ចី ជនពិការ និងចាស់ជរាគ្មានទីពឹង កំពុងរងគ្រោះខ្វះខាត ក្នុងជីវភាពចំនួន៦គ្រួសារ រស់នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ បានទទួលការជួយ សង្គ្រោះបន្ទាន់មួយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ពីលោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រមហមកម្ពុជាខណ្ឌ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនាពេលនោះ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីបណ្ដាញអនុសាខាកាកបាទក្រហមកម្ពុជា សង្កាត់ និងភូមិថា មានបងប្អូនប្រជាពលរដ្ឋកំពុង រស់នៅជួបការ ខ្វះខាតខ្លាំង ទើបអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានផ្ដួចផ្ដើមរិះរកដំណោះស្រាយ ក្នុងការពាំនាំទាំងគ្រឿងបរិភោគ និងថវិកាផងដែរ ដើម្បីមកឧបត្ថម្ភជូន ទៅតាមលទ្ធភាពប៉ុណ្ណោះ ដោយមិនឲ្យអ្នកណាម្នាក់ស្លាប់ និងអត់បាយឡើយ ដើម្បីឆ្លើយតបតាមអនុសាសន៍ ដឹកនាំចង្អុលបង្ហាញចំគោលដៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕