(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួន ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសទេសចរជនជាតិចិន ជម្រាបដល់លោក ឡ ស៊ូកាង ព្រមទាំងបានលើកឡើងនូវចំណុចគន្លឹះមួយចំនួន ដើម្បីបង្កើនទេសចរចិនមកកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ពោលគឺក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ឡ ស៊ូកាង និងគណៈប្រតិភូចិន នៅប្រទេសកម្ពុជា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែមករា។
ក្នុងជំនួបនោះ លោក ថោង ខុន បានឱ្យដឹងថា ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងសេវាប្រកបដោយគុណភាព និងដើម្បីទាក់ទាញទេសចរអន្តរជាតិ ពិសេសទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្ត ៤ចំណុច៖
១៖ បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។
២៖ ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ តាមរយៈយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ»។
៣៖ ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែខ្លាំងតាមរបៀប Traditional Marketing, Digital Marketing, E-Marketing។
៤៖ ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធ Online (Smart Tourism)។
លោកថា ដើម្បីជំរុញទាក់ទាញទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ចិន និងអនុវត្តសៀវភៅសស្ដីពី China Ready ដោយផ្តោតលើ ៤ចំណុចសំខាន់ៗ៖ ការសម្រួលការធ្វើដំណើរ ការបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីទីផ្សារចិនដល់ភាគីពាក់ព័ន្ធ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ តាមរយៈការអនុវត្តប្រព័ន្ធបញ្ជាក់គុណភាព (China Ready Accreditation System) ដល់សេវាកម្មទេសចរណ៍ និងយន្តការគាំទ្រគម្រោងបង្កើត China Ready Center នៅកម្ពុជា។
នៅឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បានចូលរួមក្នុងសន្និសីទ និងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិធំៗចំនួន ៦លើក នៅប្រទេសចិន។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១៨ ក៏មានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនទៀតរបស់ភាគីចិន (ដឹកនាំដោយអភិបាល ឬអភិបាលរងខេត្តរបស់ចិន) មកផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ចិននៅកម្ពុជាផងដែរ។
លោក ឡ ស៊ូកាង ក៏បានកោតសរសើរអំពីការអភិវឌ្ឍន៍នៅកម្ពុជា ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសកត្តាសុខសន្តិភាព សុវត្ថិភាពល្អ និងសម្បត្តិវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ដូចជាប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដែលមានទេសចរជាច្រើនទស្សនា (រួមមានទេសចរចិន) និងរូបលោកក៏បានទស្សនាក្នុងដំណើរទស្សនកិច្ចនេះ។ លោករដ្ឋមន្រ្តីក៏បានសន្យាបន្តជំរុញភ្ញៀវទេសចរចិន និងអ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
ផ្ដើមចេញពីកិច្ចសហការដ៏ល្អនេះ ជាលទ្ធផល ចំនួនទេសចរអន្តរជាតិ ពិសេសទេសចរចិនមកទស្សនាកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់៖
* ឆ្នាំ២០១៧ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមាន ៥.៦លាននាក់ កើនឡើង ១១.៨% ក្នុងនោះទេសចរចិនមានចំនួនជាង ១.២លាននាក់ (២១.៦% នៃចំនួនទេសចរសរុប) កើនឡើង ៤៥.៩%។
* ឆ្នាំ២០១៨ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៦.២លាននាក់ កើនឡើងប្រមាណ ១១% ក្នុងនោះទេសចរចិនមានប្រមាណ ២លាននាក់ (៣០.៦% នៃចំនួនទេសចរសរុប) កើនឡើង ៧០%។
* ទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោមទីផ្សារធំៗទាំង១០។
* ឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៣លាននាក់ ក្នុងចំនួនទេសចរសរុប ៧លាននាក់។
* ឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៥លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ ១១លាននាក់។
* ឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៨លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ ១៥លាននាក់៕