(ភ្នំពេញ)៖ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ សូមប្រគេន និង ជូនដំណឹងដល់សមណសិស្ស និង សិស្សនិស្សិត ក៏ដូចជាសាធារណជនជ្រាបថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នឹងផ្តល់អាហារូបករណ៍ ១០០ ភាគរយ ដល់សមណសិស្ស និង សិស្សនិស្សិតពីគ្រប់មជ្ឈដ្ឋានចំនួន ១១៥០ អង្គ និង នាក់ ។នេះបើតាមសេចក្តីប្រកាសរបស់ពុទ្ធិកសកលវិទ្យាល័ព្រះសីហនុរាជ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ។
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសថា នឹងផ្តល់ជូនអាហារូបករណ៍ ១០០ ភាគរយ ដល់សមណសិស្ស និង សិស្សនិស្សិតពីគ្រប់មជ្ឈដ្ឋានចំនួន ១១៥០ អង្គ និង នាក់ ក្នុងនោះរួមមាន ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជរាជធានីភ្នំពេញ មានចំនួន៤៥០អង្គ/នាក់ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជរាជធានីកំពង់ឆ្នាំង មានចំនួន៣៥០អង្គ/នាក់ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជរាជធានីបាត់ដំបង មានចំនួន៣៥០អង្គ/នាក់ ។
ចាប់ផ្តើមទទួលពាក្យសុំប្រឡងចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ។
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា ដ៏មានកិត្តិនាម និង មានវ័យចំណាងជាងគេក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មាន ៣ ទីតាំងគឺ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ មានទីតាំងនៅក្នុងក្រសួងធម្មការ និង សាសនា នាមុខព្រះបរាជវាំង ទល់មុខសាលសន្និសីទចតុមុខ , ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង និងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្ត បាត់ដំបង ។
សូមបញ្ជាក់ថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ថ្វីដ្បិតតែ ជាសាលាជាន់ខ្ពស់ សម្រាប់ព្រះសង្ឃ កីពិតមែន ប៉ុន្តែជិត ១០ ឆ្នាំមកនេះ មានការកែទម្រង់ ទទួលយកនិស្សិតដែលជាគ្រហស្ថផង ។ ចាប់ពីពេលនោះមក មាននិស្សិតែជាគ្រហស្ថទាំងប្រុស ទាំងស្រីកំពុងសិក្សានៅទីនោះប្រមាណជា ៥០ ភាគរយ ៕