(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រសួងបានដាក់ចេញ ជាក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង សម្រាប់៥ឆ្នាំ ២០១៩-២០២៣បន្ត ដើម្បីលើកកម្ពស់គុណភាព និង គុណតម្លៃនៃជីវិតរបស់ប្រជាជនជនបទ តាមរយៈយន្តការ អាទិភាព៤ចំណុចរួមមាន៖
ទី១៖ ការពង្រឹង ស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ក្រសួងបានដាក់ចេញនូវគោលនយោបាយ ស្តីពីការអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើនសមត្ថភាពមន្រ្តីរាជការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមចំណែកក្នុងការអនុវត្តន៍កម្មវិធីកំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ និងកំណែទម្រង់ដទៃទៀតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ទី២៖ បង្កើនការស្ថាបនា កសាង និងជួសជុលលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈបន្ថែមទៀត ដល់គ្រប់ច្រកល្ហកនៃតំបន់ជនបទ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី៣៖ ការលើកកម្ពស់សុខភាព ការអបរំ និងលក្ខខណ្ឌនៃការរស់នៅស្អាត ផឹកស្អាត ភូមិឃុំមានបរិស្ថានរស់នៅស្អាត ភូមិឃុំមានសុវត្ថិភាព គឺជាផ្នែកមួយជួយជំរុញឲ្យមានលក្ខខណ្ឌ នៃរបៀបរស់នៅបែបទំនើបនៅជនបទ។
ទី៤៖ ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តា សំខាន់បំផុតដែលពុំអាចខ្វះបាន។
ក្រសួង នឹងបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មូលដ្ឋានចល័តនៅគ្រប់ទីកន្លែង តាមភូមិ ឃុំស្រុក ខេត្ត ដោយ បណ្តុះគំនិត និងបំផុសឲ្យប្រជាជនជនបទ ចូលរួមយ៉ាងសកម្ម ក្នុងចលនានេះ ព្រមទាំងផ្តល់ ការលើកទឹកចិត្តជាកម្ចីដែល មានអត្រាការប្រាក់ទាប ធ្វើជាទុនបង្កើតមុខរបរថ្មី និងចលនាឲ្យប្រជាជនគាំទ្រផលិតផលក្នុងស្រុក ដើម្បីចូលរួមលើកទឹកចិត្តដល់ផលិតផលរបស់ខ្មែរ៕