(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា «ទន្លេសាប» ដែលកម្មវិធីទូរស័ព្ទដៃនេះបង្កើតឡើង ដើម្បីផ្តល់ចំណេះដឹងលើវិស័យកសិកម្ម នៅកម្ពុជា។
កម្មវិធីវិធីទូរស័ព្ទដៃដែលមានឈ្មោះថា «ទន្លេសាប» នេះត្រូវបានបង្កើតឡើងដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដោយមានការកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មី សម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) និងសហការអនុវត្តរួមគ្នាដោយ Sida, SNV, IBSweden និង BoPInc រួមទាំងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយ អាមេរិក USAID។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ឲ្យដឹងថា «ការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ «ទន្លេសាប» នេះធ្វើឡើងបន្ទាប់ពីមើលឃើញថា អតិថិជន អេ អឹម ខេ ជាង៥០% បានខ្ចីប្រាក់យកទៅប្រកបមុខរបរធ្វើកសិកម្មដូចជា៖ ធ្វើស្រែចំការ និងចិញ្ចឹមសត្វជាដើម»។
លោកបន្ដថា ដោយមើលឃើញពីតម្រូវនេះហើយបានជា អេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការបង្កើត កម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង ដោយមានការចូលរួមគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិជាច្រើន នេះជាសមិទ្ធិផលថ្មីមួយទៀតហើយដែល អេ អឹម ខេ បានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
លោកបន្ថែមថា «ខ្ញុំសង្ឃឹមថាកម្មវិធីទូរស័ព្ទដៃ (ទន្លេសាប)នេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់កសិករខ្មែរក្នុងការធ្វើស្រែ ចំការ និងចិញ្ចឹមសត្វឲ្យកាន់តែរីកចម្រើន និងទទួលបានប្រាក់ចំណូលបន្ថែមទៀតព្រោះថា ក្នុងកម្មវិធីនេះ គឺយើងព្យាយាមផ្សារភ្ជាប់តួអង្គនៃខ្សែ ច្រវាក់ផ្គត់ផ្គង់កសិកម្មពីអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា»។
លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា កម្មវិធីនេះពិតជាមានសារៈប្រយោជន៍ ដល់ប្រពលរដ្ឋដែលប្រកបរបរធ្វើកសិកម្ម ដោយពួកគាត់អាចរក ឬមើលពីទីផ្សារបានតាមរយៈកម្មវិធី «ទន្លេសាប»នេះ។
លោកបន្ដថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធី «ទន្លេសាប» ដែលបង្កើតឡើងដោយ AMK និងមានការចូលរួមគាំទ្រពីក្រសួងកសិកម្ម ហើយកម្មវិធីនេះនឹងជួយសម្រួលយ៉ាងច្រើន ដល់ពលរដ្ឋដែលប្រកបរបកសិកម្ម»។
សូមជម្រាបថា កម្មវិធី «ទន្លេសាប» ជាកម្មវិធីទូរស័ព្ទដៃដែលបង្កើតឡើង ក្នុងគោលបំណងជួយផ្តល់ចំណេះដឹង ដល់កសិករពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗ ក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឲ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករ អាចស្វែងរកសេវាហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបាន តាមរយៈកម្មវិធីនេះផងដែរ។
ដើម្បី Download កម្មវិធី «ទន្លេសាប» លោកអ្នកអាចចូលតាមរយៈ App Store សម្រាប់ប្រព័ន្ធ iOS និង Play Store សម្រាប់ប្រព័ន្ធ Android រួចវាយពាក្យ «Tonlesap» រួចចុចពាក្យ Get ជាការស្រេច៕