(ភ្នំពេញ)៖ ថ្លែងនៅមុខរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ»។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋម​ន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន, លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

អតីតប្រមុខការទូតកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ»

ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា «តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធទិវា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន ដែលជាកម្មវិធីដ៏អធិកអធម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជានិងចិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០នៃការ បង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាពវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ»

ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា នៅក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសយើងទាំងពីរ បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីកចំរើនលើគ្រប់វិស័យដែលមានផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជាការរួមចំណែកកសាងសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់។ កន្លងមកកម្ពុជានិងចិន បានធ្វើការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំផ្សេង ទៀតជាច្រើន ដើម្បីពង្រីកពង្រឹងមិត្តភាពដ៏យូរលង់ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដែលមានផល ប្រយោជន៍ យ៉ាងច្រើនដល់ប្រជាជន និង ប្រទេសយើងទាំងពីរ។

ជាក់ស្តែងដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះនៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីក ពង្រឹង មិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កា រវាងប្រទេសយើងទាំងពីរ ហើយ «ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន» ឆ្នាំ២០១៩នេះ ក៏ជាលទ្ធផលនៃការឯកភាព រវាងសម្ដេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត ចិន។ ដោយនៅក្នុងឱកាសទស្សនកិច្ចនេះដែរលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ចំនួន៤.០០០លានយាន់ និងទិញអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ រួមទាំងការប្ដេជ្ញាការពារ បដិវត្ដន៍ពណ៌ និងការការពារ សុខសន្ដិភាព និងក្នុងតំបន់។

ទន្ទឹមនឹងនេះដែរវិស័យទេសចរណ៍កម្ពុជា មានសក្ដានុពលធំធេងណាស់ ដែលមានប្រាសាទជាង១០០០សម នឹងកិត្តិនាមជា «ព្រះរាជាណាចក្រអច្ឆរិយៈ» រួមទាំងសម្បត្តិវប្បធម៌អរូបីយ និងតំបន់អេកូ-ទេសចរណ៍សម្បូរបែប។ រដ្ឋាភិបាលចិនក៏បានរួមចំណែកយ៉ាងធំធេង ជួយជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ជាអាទិ៍ជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ នឹងបន្ដជួយជួសជុលប្រាសាទ បុរាណផ្សេងៗ ទៀត ជាពិសេសប្រាសាទព្រះវិហារ។ សម្បត្តិវប្បធម៌ទាំងអស់នេះរបស់កម្ពុជា ជាប្រភពកាត់មិនដាច់ពីការ រីកចម្រើនអត់ឈប់ឈរនៃទេសចរណ៍កម្ពុជា។ ជាក់ស្តែងកាលពីឆ្នាំ២០១៨កន្លងមក យើងទទួលបានទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ ដែលក្នុងនោះទេសចរចិនប្រមាណ១.៩លាននាក់ ស្ថិតក្នុងលំដាប់លេខ១ ទាំងក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរចិនប្រមាណ៣លាននាក់ នៅឆ្នាំ២០២០ ហើយនឹងកើន ដល់៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ 8លាននាក់នៅឆ្នាំ២០៣០។ ការកើនឡើងនៃទេសចរចិន មកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដោយសារមានការហោះ ហើរត្រង់ពីចិនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរចិន ចំនួន១២ ដែលក្នុងមួយអាទិត្យមានការហោះហើរ មកកម្ពុជាចំនួន២០៧ជើង សរុបក្នុងមួយឆ្នាំមាន១៥០៤ជើង ព្រមទាំងថ្មីៗនេះមានការហោះហើរត្រង់ពីប៉េកាំង មកភ្នំពេញ ផងដែរ៕