(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្រាយបំភ្លឺអំពីដំណើរការ នៃការដោះស្រាយវិវាទការងារ នៅរោងចក្រ W & D (Cambodia) Co., Ltd បន្ទាប់ពីមានការបកស្រាយមិនឆ្លុះបញ្ចាំង អំពីតថភាពជាក់ស្តែង ដែលកើតមានឡើង ក៏ដូចជាទិដ្ឋភាពច្បាប់ ដែលមានជាធរមាន និងធ្វើការដកស្រង់ពាក្យសម្តី ចេញពីប្រភពតែម្ខាងៗ។ នេះបើតាមចេញសេចក្តី ប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ។
GMAC បានបញ្ជាក់ថា វិវាទការងារនៅរោងចក្រ W & D (Cambodia) Co., Ltd បានកើតឡើងតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទីរសៀល រហូតដល់បច្ចុប្បន្ន ដែលកម្មករនិយោជិតចំនួន ១,៧២៩នាក់ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យរោងចក្រទូទាត់ប្រាក់បំណាច់ អតីតភាពការងារមុនឆ្នាំ២០១៩ ជាកញ្ចប់នៅក្នុងពេលតែមួយ និងគណនាប្រាក់បំណាច់អតីតភាព ការងារមុនឆ្នាំ២០១៩ ឲ្យដូចនឹងឆ្នាំ២០១៩។
GMAC បានបន្ថែមទៀតថា កន្លងមកមានការចុះផ្សាយព័ត៌មាន ស្តីពីវិវាទការងារនៅរោងចក្រ W & D (Cambodia) Co., Ltd. នៅតាមបណ្តាញសារព័ត៌មានមួយចំនួន នៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ហើយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានពិនិត្យឃើញថា ខ្លឹមសារដែលបានចុះផ្សាយ ដោយបណ្តាញសារព័ត៌មានទាំងនោះ មិនបានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែង ដែលកើតមានឡើង ក៏ដូចជាទិដ្ឋភាពច្បាប់ ដែលមានជាធរមាន និងធ្វើការដកស្រង់ពាក្យសម្តីចេញពីប្រភពតែម្ខាងៗ ដែលជាហេតុធ្វើឲ្យមានការភាន់ច្រឡំ ពីសំណាក់សាធារណជនទូទៅ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ GMAC ដែលមានខ្លឹមសារទាំងស្រុង៖