(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់លើវិស័យទេសចរណ៍ទាំងរដ្ឋ និងឯកជនជាច្រើនទៀត នៅសណ្ឋាគារសុខាភ្នំពេញ។
ការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន គឺជាលទ្ធផលនៃការឯកភាពគ្នារវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះ នៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីកពង្រឹង មិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កា រវាងប្រទេសយើងទាំងពីរ»។
នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជានិងចិន បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦០នៃការ បង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាព វប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ។
ក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសកម្ពុជា-ចិន បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ ដ៏ធំធេងសម្រាប់ ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជាការរួមចំណែកកសាងសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់៕