(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមជាសហប្រធានកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងណៃពិដោ តបតាមការអញ្ជើញរបស់ លោក ច ទីន រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ាលើកទី២នេះ នឹងវាយតម្លៃអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ហើយនឹងរិះរកវិស័យសហប្រតិបត្តិការថ្មី ដើម្បីជំរុញបន្ថែមទៀតនូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងណៃពិដោ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយ លោក វីន ម្ញីនត៍ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖