(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការងារដោះស្រាយបញ្ហាទំនាស់ដី ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ (HLH) ដែលធ្វើឡើងនៅសាលាស្រុកឱរ៉ាល់មានភាពយឺតយ៉ាវ ដោយសារតែពលរដ្ឋជាក់ស្តែងមានត្រឹមជាង៣០០គ្រួសារ តែការដាក់ពាក្យសុំអន្តរាគមន៍មានរហូតជាង៣០០០គ្រួសារ។
លោកថា «បញ្ហនេះធ្វើឲ្យក្រុមជំនាញត្រូវការពេលវេលាសមរម្យ ដើម្បីពិនិត្យម្តងមួយៗ រហូតរកឃើញការពិតជាមុនសិន មុនការសម្រេចរបស់ជំនាញ»។
បើតាមលោក វ៉ី សំណាង ការចុះដោះស្រាយនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុក ជាច្រើនរូបទៀត និងធ្វើការសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ នៅក្នុងឃុំសង្កែសាទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគ HLH កន្លងមក។
ជាលទ្ធផល អភិបាលខេត្តកំពង់ស្ពឺ បានទទួលយកសំណូមពរទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការសម្របសម្រួល និងដោះស្រាយឲ្យចប់សព្វគ្រប់ នាពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែលោកអភិបាល ក៏ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធបញ្ឈប់សុំអន្តរាគមន៍ ដើម្បីចៀសវាងភាពស្មុគស្មាញដល់ក្រុមការងារដោះស្រាយ៕