(ក្រចេះ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានបើកការប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងខេត្ត និងលោក អ៉ឹម ចំរ៉ុង អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ គរុសិស្ស សរុបប្រមាណជាង២៥០នាក់។
លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងរាយការណ៍ពីការងារមន្ទីរសម្រេចបាននូវសមិទ្ធផលរួមមាន៖
*១៖ ការងាររៀបចំដែនដី និងនគរូបនីយកម្ម
*២៖ ការងារគ្រប់គ្រងសំណង់
*៣៖ ការងារសុរិយោដី ក្នុងគោលបំណងគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ហើយស្របតាមគោលការណ៍ច្បាប់ កន្លងមកបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លី ដោយផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង ការលុបបំបាត់ភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ដីរបស់រដ្ឋ។
នៅក្នុងពិធីសន្និបាតនេះដែរ លោក ប៉ែន លីណាត បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់មន្ទីរ ហើយក៏សូមថ្លែងអំណរគុណចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួង ដែលតែងតែយកចិត្តទុកដាក់ និងជួយជំរុញការដោះស្រាយទំនាស់ និងការបញ្ជូនគ្រូឧទ្ទេស ដើម្បីបណ្តុះបណ្តាលដល់មន្ត្រីដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោក អ៉ឹម ចំរ៉ុង បានផ្ដល់អនុសាសន៍ និងមតិផ្ដាំផ្ញើមួយចំនួន និងជាទិសដៅសម្រាប់ការងារឆ្នាំ២០១៩ ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះរួមមាន៖
*១៖ ការងារសុរិយោដី៖ សុំពន្លឿនការងារចុះបញ្ជីដីធ្លី ចុះបញ្ជីដីរដ្ឋ ដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
*២៖ ការងារលំនៅដ្ឋាន អភិបាលរងខេត្ត សុំឲ្យបន្តតាមដាន ត្រួតពិនិត្យ និងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើកាន់កាប់ដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងស្រុកកូនមុំ ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋ ដែលខ្វះដី គ្មានដី និងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។
*៣៖ ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ស្នើសុំឲ្យមន្ទីរបន្តខិតខំយកចិត្តទុកដាក់ លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់ និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ ដោយផ្សារភ្ជាប់ ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន៕