(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់គ្មានហេតុផលមកលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ជាពិសេសគឺក្រុមហ៊ុន Huawei Technologies តែម្តង។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង ចំពោះការដែលសហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ចំនួន ១៣ករណី ទាក់ទិនការលួចបច្ចេកវិទ្យា និងការរំលោភលើទណ្ឌកម្មអ៊ីរ៉ង់ជាដើមមកលើក្រុមហ៊ុន Huawei ព្រមទាំងកំពុងព្យាយាមសុំការធ្វើបត្យាប័ន នាយកហិរញ្ញវត្ថុរបស់ Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ពីប្រទេសកាណាដា ទៅកាន់អាមេរិកថែមទៀតនោះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្ស័ង (Geng Shuang) រដ្ឋាភិបាលចិនតែងតែទាមទារឲ្យបណ្តាសហគ្រាសចិននានា ធ្វើប្រតិបត្តិការសេដ្ឋកិច្ចដោយស្របតាមផ្លូវច្បាប់ និងស្នើឲ្យប្រទេសទាំងអស់បង្កើតបរិយាកាសដែលមានតម្លាភាព និងមិនរើសអើងសម្រាប់ការធ្វើប្រតិបត្តិការត្រឹមត្រូវតាមច្បាប់នៃបណ្តាក្រុមហ៊ុនចិន។
លោក Shuang បានបន្តថា ប៉ុន្តែកន្លងមកនេះសហរដ្ឋអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួន មកបង្ខូចកេរ្តិ៍ឈ្មោះហើយគាបសង្កត់ក្រុមហ៊ុនចិន និងព្យាយាមលូកលាន់ក្នុងការប្រតិបត្តិការដោយស្របច្បាប់របស់ក្រុមហ៊ុនទាំងនេះថែមទៀតផង ខណៈទង្វើរបស់អាមេរិកទាំងអស់នេះ មានផ្ទុកនូវចេតនា និងឥទ្ធិពលនយោបាយសុទ្ធសាធ។
ពាក់ព័ន្ធសំណុំរឿងលោកស្រី Meng Wanzhou ចិនបានទទូចជាថ្មីម្តងទៀតឲ្យអាមេរិកដកចេញវិញនូវដីកាចាប់ខ្លួនលោកស្រី ហើយបញ្ឈប់ការស្នើសុំធ្វើបត្យាប័នទៀត ហើយទីក្រុងប៉េកាំងបានស្នើឲ្យកាណាដាគោរពតាមគោលជំហររបស់ចិន ដោយយល់ព្រមដោះលែងលោកស្រី Meng ឲ្យមានសេរីភាពឡើងវិញ និងកុំធ្វើជាដៃជើងសហរដ្ឋអាមេរិក៕