(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យម្ចាស់សហគ្រាសទាំងអស់ ដែលកំពុងធ្វើសកម្មភាពអាជីវកម្មនៅក្នុងកម្ពុជា អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ឲ្យបានត្រឹមត្រូវ តាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលប្រកាសឱ្យប្រើ។
ក្រុមប្រឹក្សាជាតិគណនេយ្យបានបញ្ជាក់ថា សហគ្រាសមានកាតព្វកិច្ចជាសារវ័ន្ត មានជាអាទីដូចខាងក្រោម៖
* ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
* ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ ជាធរមាន។
* ការដាក់របាយការណ៍ហិរញ្ញវតឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌដែលបានកំណត់។
ក្រុមប្រឹក្សាជាតិគណនេយ្យបានបញ្ជាក់ទៀតថា ការអនុវត្តតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគ្រាសដូចជា៖
១៖ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធមានព័ត៌មានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ប្រើប្រាស់មុននឹងធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច។
២៖ សហគ្រាសទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគដែលមានសក្តានុពលក្នុងការបណ្តាក់ទុនបន្ថែម។
៣៖ គណនេយ្យភាព, តម្លាភាព និងអភិបាលកិច្ចរបស់សហគ្រាស ត្រូវបានលើកកម្ពស់។
៤៖ សហគ្រាសអាចបំពេញលក្ខខណ្ឌ នៃការចុះបញ្ជីសហគ្រាសក្នុងផ្សារមូលបត្រកម្ពុជា។
៥៖ សហគ្រាសអាចទទួលបានឥណទានងាយស្រួលជាងមុន ជាមួយនឹងអត្រាការប្រាក់ទាប។
៦៖ ការបំពេញកាតព្វកិច្ចសារពើពន្ធ របស់សហគ្រាសមានភាពងាយស្រួល។
៧៖ សហគ្រាសរួចផុតពីការកំណត់ពន្ធជា ឯកតោភាគីពីរដ្ឋបាលសារពើពន្ធ និងការផាកពិន័យធ្ងន់ធ្ងរ។
៨៖ សហគ្រាសអាចទទួលបានការលើកទឹកចិត្ត ផ្នែកសារពើពន្ធពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមថា ការជូនដំណឹងនេះ ដើម្បីជាការរំលីកបន្ថែមដល់គ្រប់ម្ចាស់សហគ្រាសទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចតណនេយ្យ និងសវនកម្មខាងលើឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៏នានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕