(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់អង្គភាព រួមទាំងមន្រ្តីរបស់មន្ទីរបរិស្ថានខេត្តផងដែរ ចុះស្រាវជ្រាវជាបន្ទាន់ចំពោះករណីផ្ទុះអាវុធ រវាងក្រុមអ្នកបរបាញ់សត្វព្រៃ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បណ្តាលឲ្យមន្រ្តីឧទ្យានុរក្សម្នាក់រងរបួស។
ហេតុការណ៍នេះ បានកើតឡើងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រលឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
មន្រ្តីមន្ទីរបរិស្ថានខេត្តបានប្រាប់ឲ្យដឹងថា មន្រ្តីដែលរងរបួស ដោយសារគ្រាប់កាំភ្លើងនោះឈ្មោះ ចេង ចន្ធី ជាមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ត្រូវរបួសចំគូទខាងស្តាំ។ ក្រោយកើតហេតុភ្លាមៗ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ នៅរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ ក្នុងករណីបណ្តាលឲ្យមានការផ្ទុះអាវុធ ដាក់គ្នាបណ្តាលឲ្យមានមនុស្សរងរបួសនេះ ពុំទាន់ត្រូវបានប្រភពមួយណាបញ្ជាក់ឲ្យច្បាស់ថា ផ្តើមឡើងដោយធាតុផ្សំអ្វីខ្លះនោះឡើយ។
បើតាមមន្រ្តីនៃមន្ទីបរិស្ថានខេត្ត បានឲ្យថា ផ្តើមចេញពីក្រុមអ្នកឆ្លុះសត្វ ពើបប្រទះគ្នាជាមួយមន្រ្តីឧទ្យាននុរក្សកំពុងល្បាត ក៏មានការប្រទូសសារ៉ាយនេះកើតឡើងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ អភិបាលខេត្តមណ្ឌលគិរី កំពុងបញ្ជាដាក់ឲ្យមន្រ្តីកងកម្លាំងគ្រប់អង្គភាព និងមន្រ្តីមន្ទីបរិស្ថានខេត្ត ចុះស្រាវជ្រាវអ្នកបង្កហេតុ និងធាតុផ្សំរបស់វា ដើម្បីឈានទៅរកការឃាត់ខ្លួនចាត់វិធានការណ៍តាមផ្លូវច្បាប់៕