(បន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរលត់ទាំងស្រុងទៅវិញហើយ ក្រោយមានការអន្ដរាគមន៍ជួយសង្គ្រោះពីសមត្ថកិច្ច។
បើតាមសេចក្ដីរាយការណ៍ ករណីគ្រោះថ្នាក់សង្គមមួយនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់២០គ្រឿង ដើម្បីអន្ដរាគមន៍សង្គ្រោះ។ ដោយឡែក សម្រាប់ការខូចខាតវិញ អគ្គិភ័យនេះបានបំផ្លាញផ្ទះទាំងស្រុងអស់ចំនួន២ខ្នង និងផ្ទះ៤ខ្នងផ្សេងទៀត រងការខូចខាតប្រហែល៧០ភាគរយ ក៏ត្រូវសមត្ថកិច្ចពន្លត់ទាន់ពេល។
សមត្ថកិច្ចបានបញ្ជាក់ដែរថា ផ្ទះដែលត្រូវភ្លើងឆេះនេះ គឺលក់ខោអាវជជុះ និងលក់ឥវ៉ាន់ចាប់ហួយ ដែលគិតជាទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារអាមេរិក។ សមត្ថកិច្ចក៏បាននឲ្យដឹងទៀតថា ករណីនេះបានបណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ដោយសារតែបានចូលទៅជួយបាញ់ទឹកពន្លត់ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕