(ភ្នំពេញ)៖ នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបញ្ជូនមេក្លោងលក់ និងផ្តល់ទីតាំងជក់គ្រឿងញៀនម្នាក់ និងអ្នកជាប់ពាក់ពន្ធ័មានប្រុស-ស្រីចំនួន៨នាក់ផ្សេងទៀត បន្ទាប់ពីបង្ក្រាបបាននៅផ្ទះសំណាក់យីហោ «១៦» ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
បើតាមរបាយការណ៍សមត្ថកិច្ចបង្ហាញថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរនូវសារធាតុញៀន នៅផ្ទះសំណាក់យីហោ «១៦» (អតីតផ្ទះសំណាក់ មុនីកា) ហើយឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៩នាក់ (ក្នុងនោះមានទាំងមេការផ្ទះសំណាក់ម្នាក់ផងដែរ) ដោយដកហូតថ្នាំញៀនចំនួន២កញ្ចប់ (១កញ្ចប់ធំ ១កញ្ចប់តូចល្មម)។
របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីម៉ោង៨៖៥០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅផ្ទះសំណាក់យីហោ «១៦» ស្ថិតនៅតាមបណ្ដោយផ្លូវ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់តាមតាមរយៈទូរស័ព្ទពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបនេះ ដកហូតបានវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ថង់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២, ដេកកេះជ័រចំនួន៣, ទូរស័ព្ទដៃចំនួន១គ្រឿង ពីឈ្មោះ លីវ មាយ៉ា ភេទស្រីអាយុ១៩ឆ្នាំ។
ដោយបានការសម្រេចពីលោកព្រះរាជអាជ្ញារង ហេង ផេង ឲ្យឆែកឆេរបន្ទប់ផ្សេងៗទៀត នៃផ្ទះសំណាក់ខាងលើ ទើបកម្លាំងបន្តឆែកឆេរ៤បន្ទប់បន្តទៀតរួមមាន៖
*១៖ បន្ទប់លេខ១១ បានដកហូតឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត, ដែកកេះជ័រចំនួន២ និងឃាត់ខ្លួនមនុស្សចំនួន២នាក់។ ជនសង្ស័យមានឈ្មោះ តាំង ឈុងប៊ួយ ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ
*២៖ បន្ទប់លេខ១២ បានដកហូតឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត, ដេកកេះជ័រចំនួន៣, ទូរស័ព្ទចំនួន២គ្រឿង និងឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ
*៣៖ បន្ទប់លេខ២១ ដកហូតឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត និងដេកកេះជ័រចំនួន២
*៤៖ បន្ទប់លេខ២២ ដកហូតឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត និងអាវុធខ្លីមួយដើម ម៉ាកK59 បង់មួយ មានគ្រាប់ចំនួន៨ និងលេខ៨៧៧៨ ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់។ ជនសង្ស័យទាំង៤មានឈ្មោះ សួនកុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ហ៊ួរ សីហា ភេទប្រុស អាយុ២៩ឆ្នាំ។
ក្រោយពីឆែកឆេររួច ដោយបានការសម្រេចពីលោក ហេង ផេង ឲ្យនាំខ្លួនជនសង្ស័យចំនួន៩នាក់ ទៅការិយាល័យប្រឆាំងគ្រឿងញៀន មានឈ្មោះ លីវ មាយ៉ា ភេទស្រី អាយុ១៩ឆ្នាំ, តាំង ឈុងប៊ួយ ភេទស្រី អាយុ២០ឆ្នាំ, អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ, លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ, សួន កុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ, សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ, ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ, ហ៊ួរ សីហា ភេទប្រុស អាយុ២៩ឆ្នាំ និងអៀង សុខឡា ភេទប្រុស អាយុ៣១ឆ្នាំ។
ក្រោយពីធ្វើតេស្តរកសារធាតុញៀន សមត្ថកិច្ចរកឃើញជនប្រុសស្រីទាំង៨នាក់ មានជាប់សារធាតុញៀន រីឯបុរសម្នាក់ ជាមេការផ្ទះសំណាក់ គ្មានសារធាតុញៀន ប៉ុន្តែបានផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕