(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានរៀបចំពិធីអបអរខួបអនុស្សាវរីយ៍គម្រប់៣៩ឆ្នាំ ឈានចូល៤០ឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមដោយភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំបុគ្គលិករបស់ធនាគារ ស្ថាប័នពាក់ព័ន្ធ ដៃគូធុរកិច្ច និងអតិថិជន ដែលជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ។
ពិធីអបអរខួបអនុស្សាវរីយ៍ ៤០ឆ្នាំនេះ ត្រូវបានរៀបចំ និងប្រព្រឹត្តឡើង ក្នុងអត្ថន័យ និងគោលបំណង ដើម្បីរំលឹក និងដឹងគុណ ដោយកតញ្ញុ តាធម៌ ដល់ស្ថាបនិក បុគ្គលិក មន្រ្តី ថ្នាក់ដឹកនាំធនាគារ ស្ថាប័នពាក់ព័ន្ធ ដៃគូធុរកិច្ច និងអតិថិជន ជាភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបាននិងតែងតែគាំទ្រ និងជឿជាក់លើធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) កន្លងមក ។
ក្នុងនាមជាធនាគារពាណិជ្ជដំបូង និងនាំមុខគេ ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក ។
ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៣៩ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារ ដែលបានកើនឡើងជាង ១,០០០លានដុល្លារ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយច្បាស់លាស់ ក្រោមចក្ខុវិស័យ ដើម្បីជំរុញឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅកម្ពុជា ។
ស្របតាមទិសដៅអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ធនាគារជាតិ នៃកម្ពុជា និងដើម្បីឈានសម្រេចបាននូវទិសដៅរយៈពេលវែងដែលបានកំណត់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារផ្តល់សេវាកម្ម ផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ ។
ទន្ទឹមគ្នានេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀល និងបន្តដើរតួនាទីសំខាន់របស់ខ្លួនក្នុងការចូលរួមជួយអភិវឌ្ឍ លើកកម្ពស់ទីផ្សារ សេដ្ឋកិច្ចជាតិ និងជួយគាំទ្រអតិថិជនដៃគូក្នុងស្រុកទាំងអស់ ឲ្យកាន់តែរីកចម្រើនថែមទៀត ឲ្យស្របទៅតាមគន្លង និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ របស់រាជរដ្ឋាភិបាល ៕