(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន៣៣ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន៨។
បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា។
គ.ជ.ប បន្ថែមថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕