(ភ្នំពេញ)៖ យោងតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG) អគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។
បើតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថា ជំនួបមេទ័ពជើងគោកម្ពុជា-ថៃ គឺដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ។
ប្រភពបន្តថា ក្នុងនាមជាប្រទេសមានភូមិផងរបងតែមួយភាគីទាំងពីរ ក៏បានជជែកពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត បង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរដ្ឋទាំងពីរប្រកបរបររកស៊ីកាន់តែមានការរីកចម្រើន និងមានទំនុកចិត្តជាមួយគ្នា៕