(ភ្នំពេញ)៖ ការអប់រំកូនៗ ពីវ័យកុមារភាព ការអប់រំដែលមានលក្ខណៈស្របទៅតាមអត្ដចរិក ការលូតលាស់ និងតម្រូវការរបស់ពួកគេ គឺជាកត្ដាមួយ ដែលឪពុកម្ដាយគ្រប់រូបគួរតែយកចិត្ដទុកដាក់។

ដើម្បីជំរុញឱ្យមានការរៀបចំផែនការ ក្នុងការអប់រំប្រកបដោយប្រសិទ្ធិភាពនោះ វាគ្មិនកិត្ដិយស២រូប ដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យអប់រំកុមារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នឹងចូលខ្លួនមកបកស្រាយ និងចែករំលែកចំណេះដឹង ជាមួយនឹងបទពិសោធន៍ជាក់ស្ដែង ក្នុងការចិញ្ចឹម និងបង្រៀនបុត្រធីតា ទៅកាន់មាតាបិតា ដើម្បីឱ្យបានយល់ច្បាស់ ពីវិធីសាស្រ្តអប់រំកូន នៅសាលាអន្ដរជាតិសឹង្ហបុរី SCIA ចាប់ពីម៉ោង៩ព្រឹក ដល់៤ល្ងាច។

វាគ្មិនទាំង២រូប របស់សិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូន» ដែលជាអ្នកជំនាញចិត្ដសាស្ត្រ នឹងចូលខ្លួនមកបកស្រាយ និងចែករំលែកចំណេះដឹងដល់មាតាបិតា ក្នុងការអប់រំកូនឱ្យទទួលបានជោគជ័យនោះមាន៖

ទី១៖ លោក ហឿ សេធុល ជាអ្នកចិត្ដសាស្ត្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារ និងស្ថាបនិកនៃក្រុមហ៊ុន សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្តតាមបែបចិត្តសាស្ត្រ (KCPS) លោកទទួលបានការហ្វឹកហាត់ជំនាញចិត្ដវិទ្យាឯកទេសប្រឹក្សា នៅសកលវិទ្យាល័យ De La Salle ក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកចិត្តសាស្រ្ត ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ De La Salle។ លោកមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រឹក្សាយោបល់ វាយតំលៃ ផ្ដល់ដំបូន្មាន និងបណ្ដុះបណ្ដាលសម្រាប់អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនផ្សេងៗ ក្នុងប្រទេសកម្ពុជា។

លោក ហឿ សេធុល បានលើកឡើងថា វិធីសាស្ដ្រ ដែលឪពុកម្ដាយចិញ្ចឹមបីបាច់កូនមានច្រើនប្រភេទ ដែលវិធីសាស្ដ្រទាំងនោះ បានផ្ដល់ផលប៉ះពាល់ល្អ និងមិនល្អសម្រាប់កុមារដូចជា ការចិញ្ចឹមកូនបែបផ្ដាច់ការ ដែលឪពុកម្ដាយតែងតែតឹងរឹង ជាមួយនឹងវិន័យក្នុងគ្រួសារធ្វើឱ្យកូនៗ មានវិន័យប៉ុន្ដែអាចនឹងខ្វះការច្នៃប្រឌិត ឬមួយប្រភេទទៀតគឺការចិញ្ចឹមកូនព្រងើយកន្ដើយ ដែលជាលទ្ធផលកូនអាចមានការច្នៃប្រឌិត ការឯករាជ្យ ប៉ុន្ដែបែរជាមិនមានវិន័យ គ្រប់គ្រាន់ក្នុងការនិយាយស្ដី និងគោរពឪពុកម្ដាយនោះទេ។

ទី២៖ លោកស្រី ខូយ រ៉ានី ជាអ្នកជំនាញអប់រំកុមារតូច បានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងគម្រោង និងអភិវឌ្ឍន៍ជនបទ និងបរិញ្ញាបត្រអប់រំភាសាអង់គ្លេស។ លោកស្រី មានបទពិសោធន៍ ៨ឆ្នាំ ធ្វើការជាមួយឪពុកម្តាយ ឬអាណាព្យាបាលកុមារ និងគ្រូបង្រៀន ដើម្បីលើកកម្ពស់ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូច តាមរយៈកម្មវិធីអភិវឌ្ឍន៍សង្គម សុខភាព អាហារូបត្ថម្ភ និងការអប់រំកុមារតូចផងដែរ។

លោកស្រី ខូយ រ៉ានី បានលើកឡើងថា ឪពុកម្ដាយគួរតែបង្កើតទម្លាប់អាន ជាមួយកូនឱ្យបានច្រើន ដើម្បីឱ្យកុមារមានការយល់ដឹងបានច្រើន មានទម្លាប់អានអក្សរ និងស្ដាប់បានល្អ មិនតែប៉ុណ្ណោះ ឪពុកម្ដាយក៏អាចបង្រៀនកូនៗ ឱ្យចេះធ្វើការងារផ្ទះ ចាប់ផ្ដើមសកម្មភាពមួយចំនួនជាមួយកូនៗដូចជា ការបេះបន្លែ ការញែកគ្រាប់សណ្ដែក ដើម្បីបង្កើត និងបង្ហាញពីភាពអត់ធ្មត់ ភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ និងការសម្របទៅតាមបរិយាកាសជុំវិញខ្លួនផងដែរ។

បន្ថែមពីនេះ សិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូន» នឹងចូលរួមចែករំលែកនូវវិធីសាស្ដ្រ ក្នុងការអប់រំកុមារឱ្យមានប្រសិទ្ធភាព ដោយការយល់ដឹងពីការវិវឌ្ឍន៍ ការលូតលាស់ និងតម្រូវការរបស់ពួកគេ ជាពិសេសការបណ្ដុះភាពវ័យឆ្លាត ទម្លាប់និងវិន័យល្អ និងការឆ្លើយតបទៅនឹងឥរិយាបថ អសកម្មរបស់ពួកគេថែមទៀតផង។ មាតាបិតាអាចសួរសំណួរផ្សេងៗ ដែលទាក់ទងទៅនឹងភាពជាឪពុកម្តាយ ឬបញ្ហាប្រចាំថ្ងៃ ជាមួយវាគ្មិនកិតិ្តយស ដែលនឹងចូលរួមចែករំលែករយៈពេល១ថ្ងៃពេញ ជាមួយនឹងការយល់ដឹងពីបទបពិសោធន៍ជាក់ស្ដែង និងសកម្មភាពក្នុងការហ្វឹកហាត់ មួយចំនួន រួមជាមួយបុត្រធីតាថែមទៀតផង។

សំរាប់សំបុត្រចូលរួមមានតម្លៃត្រឹមតែ ១៨ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៣ កុម្ភៈ ២០១៩ និង តម្លៃ២៥ដុល្លារសម្រាប់ការទិញក្នុងថ្ងៃកម្មវិធី។ តម្លៃសំបុត្រនេះ នឹងរាប់បញ្ចូលអាហារសម្រន់និងអាហារថ្ងៃត្រង់។ កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយសាលារៀនអន្ដរជាតិសង្ហឹបុរី SCIA។ ទំនាក់ទំនងទិញសំបុត្រតាមរយៈទំព័រហ្វេសប៊ុក “Anussa Events” ឫទូរស័ព្ទលេខ 012 230 140 ឫ 010 911 776៕