(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហោះលើ Facebook ដោយចោទជាសំណួរទៅកាន់ មន្ដ្រីនគរបាលថា អ្នកបើកបុកគេស្លាប់ហើយរត់គេចខ្លួន តើមានប៉ុន្មានភាគរយចាប់បានមកវិញ?។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ការចោទជាសំណួរនេះ មិនមែនជាការឌឺដងអ្វីនោះទេ ប៉ុន្ដែលោកឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកបង្ករត់គេចខ្លួនបាត់ហាក់មានការកើនឡើង។
រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «មកពីវត្តវិញក៏នឹកចង់សួរខាងនគរបាលនូវសំណួរមួយ តើក្នុងចំណោមអ្នកបើកបុកគេស្លាប់ហើយរត់គេចខ្លួន តើមានប៉ុន្មានភាគរយដែលយើង តាមចាប់បាន? មិនមែនរឿងសួរដុតទេ តែឃើញបុករត់នេះវាហាក់ដូចជាមានច្រើន ជាងអ្នកផឹករត់ទៅទៀត!»។
យ៉ាងណាក៏ដោយ សម្រាប់ខ្លឹមសារបង្ហោះនៅលើ Facebook មួយឃ្លានេះរបស់លោករដ្ឋមន្ដ្រី បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បណ្ដាលឲ្យមនុស្សមួយគ្រួសារដែលជិះក្នុងរថយន្ដតែមួយស្លាប់បាត់បង់ជីវិត៦នាក់ នៅកន្លែងកើតហេតុ។
ជាការកត់សម្គាល់ ការបង្ហោះសារនៅលើ Facebook របស់លោករដ្ឋមន្ដ្រី បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បណ្ដាលឲ្យមនុស្សមួយគ្រួសារដែលជិះក្នុងរថយន្ដតែមួយស្លាប់បាត់បង់ជីវិត៦នាក់ នៅកន្លែងកើតហេតុ។
របាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា មនុស្ស១,៧៦១នាក់ បានស្លាប់ និង៤,៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣,២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់ បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួលេខនេះមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕