(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបប្រភេទសេវាកម្សាន្ដល្បែងភ្នាល់បាល់តាមអ៉ីនធ័រណេត ចំនួន២ទីតាំង ដកហូតកុំព្យូទ័រចំនួន៣២គ្រឿង ឃាត់ខ្លួនមនុស្ស៧នាក់ (មេការ២នាក់ អ្នកលេង៥នាក់)។
លោក ជា ពិសី បានបញ្ជាក់ថា ប្រតិបត្តិការដែលធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងទីតាំងមួយទៀត ស្ថិតនៅត្រង់ចំណុចផ្ទះលេខA១១ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការសម្របសម្រួលដោយលោកស្រី សុង ឆវ័ន្ត ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបល្បែងស៉ីសងនេះដែរ មិនមែនជាលើកទី១នោះទេ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក្រៅពីស៉ើបអង្កេតបង្ក្រាបរាល់គ្រប់បទល្មើស លោក ជា ពិសី ដែលជាអភិបាលខណ្ឌ និងអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងអធិការនគរបាលខណ្ឌ ដែលទើបតែឡើងកាន់តំណែងថ្មីថ្មោង គឺលោកវរសេនីយ៍ទោ គល់ យី បានបង្ក្រាបប្រភេទល្បែងស៉ីសងតាម Online របស់ជនជាតិចិន ហើយដកហូតទូរហ្គេម ចំនួន១២គ្រឿង ដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
លោក ជា ពិសី កន្លងមក និងបច្ចុប្បន្នបានប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ឃ្លាំមើលតទៅទៀត។ ក្នុងករណីឃើញមានទីតាំង កំពុងប្រព្រឹត្តអំពីល្បែងស៉ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៉ីសងទាំងនោះ៕