(ឧត្តរមានជ័យ)៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់គ្រប់មុខជាង២០០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពិនិត្យរកឃើញ និងរឹបអូសរយៈពេលកន្លងមក។
ពិធីដុតកម្ទេចចោលទំនិញខូចគុណភាពទាំងនេះ មានការចូលរួមពីលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ក៏ដូចជាមន្រ្តីមន្ទីរពាណិជ្ជកម្ម សាលាក្រុង និងអាជ្ញាធរដែនដី។
លោក ខាន់ រ៉ាត់ បានលើកឡើងថា ទំនិញដែលបានដុតកម្ទេចចោលនេះ ត្រូវបានដកហូតពីអាជីវករ នៅតាមតូប និងតាមផ្សារនានាទូទាំងខេត្ត ដែលអាជីវករយកទៅលក់ដូរ ដោយមិនបានដឹងពីថ្ងៃ ផុតកំណត់របស់ទំនិញ និងបន្តតាំងលក់ជូនទៅពលរដ្ឋដោយមិនគិតពីផលប៉ះពាល់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋឡើយ។
លោកប្រធានសាខាបានបញ្ជាក់ទៀតថា ការដុតកម្ទេចចោលទំនិញខូចគុណភាពទាំងនេះនេះ សាខាកាំកុងត្រូលធ្លាប់អនុវត្តន៍ជាច្រើនលើកច្រើនសាររួចមកហើយ ជាពិសេសក្រោយពីបានដកហូត នូវទំនិញ អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ សរុបទាំងអស់មានជាង២០០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោល រួមមាន៖ នំ ចំណី ម្ហូបអាហារ មីកញ្ចប់ គ្រឿង កំប៉ុង និងទំនិញជាច្រើនមុខទៀត ដែលខូចគុណភាព.ល.។
លោក ខាន់ រ៉ាត់ ក៏ផ្ដាំផ្ញើទៅមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរដែនដី ជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់ មិនឲ្យអាជីវករ និងឈ្មួញណាដែលនាំយកទំនិញហួសកាលបរិច្ឆេទ ចូលទៅលក់ដូរនៅទីផ្សារ ឡើយដើម្បីចៀសវាង ក្រែងមានគ្រោះថ្នាក់ កើតឡើង ចំពោះប្រជាពលរដ្ឋដែលជាអ្នកទិញយកទៅទទួលទាន៕