(ភ្នំពេញ)៖ រយៈពេល១ខែ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សប៊ែលធី សុរបជិត២៥,០០០នាក់ ចូលទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ។
ការដឹកនាំសិស្សប៊ែលធីពីសំណាក់លោកបណ្ឌិត លី ឆេង ធ្វើឡើងដើម្បីសិស្សានុសិស្សសិក្សាស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងនៅកម្ពុជា និងការស្វែករកសន្តិភាពដោយលំបាកតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោកបណ្ឌិត លី ឆេង បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សប៊ែលធីជិត១៥០០នាក់ ទៅទស្សនាវិមាននយោបាយឈ្នះ ឈ្នះ ដែលជាវិមានប្រវត្តិសាស្ត្រ នៃមូលដ្ឋានគ្រឹះ ឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។
បើតាមលោក លី ឆេង តាងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងអស់ និងរូបលោកផ្ទាល់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានផ្តល់ឱកាស និងអនុញ្ញាតឲ្យគណៈគ្រប់គ្រង និងសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលធ្វើទស្សនកិច្ចសិក្សានៅវិមាននយោបាយឈ្នះ ឈ្នះ តាមកាលវិភាគទស្សនាប្រចាំថ្ងៃ រយៈពេល១ខែ។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឲ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ ប៉ុល ពត និងបានប្រើគ្រប់យុទ្ធវិធីដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។
បើទោះបីជាវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានដាក់សម្ពោធជាយូរថ្ងៃមកហើយ តែរហូតមកដល់ពេលនេះ ក៏នៅតែមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសជាតិ-អន្តរជាតិ បន្តចូលទស្សនានៅវិមានប្រវត្តិសាស្ត្រមួយនេះ៕