(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានស្នើលោកគ្រូ-អ្នកគ្រូ ទាំងសាលារដ្ឋ និងឯកជន ឲ្យនិយាយត្រង់ៗ ករណីជួបបញ្ហាប្រឈមផ្សេងៗ ដើម្បីរកដំណោះស្រាយ និងជំរុញការងារអប់រំ ទទួលបានលទ្ធផល កាន់តែល្អ។ នេះបើតាមការលើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ សិក្សា២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨-២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
អភិបាលរងរាជធានីភ្នំពេញដដែលបានបញ្ជាក់ថា សន្និបាតមានសារៈសំខាន់ណាស់សម្រាប់អង្គភាពនីមួយៗ ពិសេស មន្ដ្រី ឬសមាជិក ត្រូវធ្វើការផ្លាស់ប្ដូរមតិយោបល់គ្នា មិនមែនដូចកាលឡើងកន្លងមកថា ការរៀបចំសន្និបាត គ្រាន់តែជា លក្ខណៈរូបភាព មិនទទួលបានផ្លែផ្កាអ្វីនោះទេ។ ដោយហេតុនេះ ទើបលោកលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ត្រូវហ៊ានលើកបញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងឆ្នាំចាស់ មកជជែកគ្នាក្នុងសន្និបាត ដើម្បីរកដំណោះដ៏ស្រាយសមស្រប និងធ្វើឲ្យគុណភាពអប់រំកាន់តែល្អថែមទៀត។
លោក នួន ផារ័ត្ន បានថ្លែងថា «តាមពិតសន្និបាតមានសារៈសំខាន់ណាស់ សម្រាប់ការដឹកនាំរបស់អង្គភាពនីមួយៗ គឺជាឱកាសប្រមូលបញ្ញាញាណ សមូហភាព ដើម្បីកែលម្អ វាយតម្លៃ និងដាក់ទិសដៅសមស្របសម្រាប់អនុវត្ត។ អញ្ចឹងសន្និបាតយើង បើយើងរៀបចំត្រឹមជារូបភាព គ្មានការពិភាក្សាដោយត្រង់ៗទេ នោះវាមិនទទួលបានលទ្ធផលល្អទេ។ ហេតុនេះខ្ញុំសូមស្នើឲ្យលោកគ្រូ-អ្នកគ្រូ ចូលរួមសន្និបាតទាំងអស់ ត្រូវពិភាក្សាត្រង់ៗ ដើម្បីទទួលបាននូវលទ្ធផលល្អ និងគំនិតរួមមួយសម្រាប់អនុវត្តទាំងអស់គ្នា»។
ទន្ទឹមជាមួយគ្នា លោកក៏បានដាក់សំណើចំនួន៣ ដល់សន្និបាតខាងលើផងដែរ ទី១៖ ការពិនិត្យឡើងវិញ នូវវឌ្ឍនាភាព ក្នុងការអនុវត្តការងារឆ្នាំចាស់។ ទី២៖ ការពិនិត្យឡើងវិញ នូវលទ្ធផលតាមអនុវិស័យទាំង៦ និងទី៣៖ ការពិភាក្សាលើប្រធានបទពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ដើម្បីធានាការអប់រំក្នុងរាជធានីភ្នំពេញឲ្យកាន់តែរឹងមាំ និងមានគុណភាព។ ដោយហេតុនេះលោក នួន ផារ័ត្ន សង្ឃឹមថា សន្និបាតបូកសរុបការងារ និងការលើកទិសដៅឆ្នាំថ្មីរយៈពេល ២ថ្ងៃ នឹងទទួលបានផ្លែផ្កាថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ថា សន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងបញ្ចប់នាល្ងាចថ្ងៃទី៣០ ខែមករាស្អែក ខណៈមានអ្នកចូលរួមជាង ៥០០នាក់។ ប៉ុន្ដែក្នុងពិធីបើកកាលពីព្រឹកមិញ ក៏មានការបង្ហាញនូវសមិទ្ធផលធំៗជាច្រើនពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញផងដែរ៕