(ចិន)៖ ទេសរដ្ឋមន្ត្រីមកពីប្រទេសព័រទុយហ្កាល់ និងប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា រដ្ឋាភិបាលរបស់ពួកគេ បើកទ្វាស្វាគមន៍ចំពោះការចូលមកបណ្ដាក់ទុនរបស់វិនិយោគិនចិន ព្រមទាំងទន្ទឹងចង់ពង្រីកសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន។
ទេសរដ្ឋមន្ត្រីទាំងនេះ បានឆ្លើយតបទៅនឹងការដែលមានគេព្រួយបារម្ភកាន់តែខ្លាំង អំពីការវិនិយោគរបស់ចិន នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដោយក្នុងនោះក៏រួមមានការបារម្ភអំពីក្រុមហ៊ុន Huawei ផងដែរ។ មន្ត្រីរដ្ឋាភិបាលទាំងនេះ បាននិយាយអំពីបញ្ហានេះ នៅក្នុងបទសំភាសមួយជាមួយបណ្ដាញទូរទស្សន៍សកលចិន (CGTN) នៅទីក្រុង ដាវ៉ុស ប្រទេសស្វីស ក្នុងឱកាសដែលពួកគេទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកា សេដ្ឋកិច្ចពិភពលោក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៉កទូហ្កាល់ លោក ប៉េដ្រូ ស៊ីហ្សា វីអេរ៉ា បាននិយាយថាប្រទេសប៉កទូហ្កាល់ ស្វាគមន៍ចំពោះរាល់ការវិនិយោគទាំងអស់ រួមទាំងការវិនិយោគរបស់ក្រុមហ៊ុន Huawei ផង ដោយគ្មានការរើសអើងអ្វីទាំងអស់។
លោក ប៉េដ្រូ ស៊ីហ្សា វីអេរ៉ា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៉កទូហ្កាល់ និយាយថា «នៅប្រទេសប៉កទូហ្កាល់ Huawei គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ណាស់សម្រាប់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួន ហើយរដ្ឋាភិបាលយើងមានទំនាក់ទំនងដ៏ល្អណាស់ជាមួយរាល់ក្រុមហ៊ុនទាំងអស់មកពីទូទាំងពិភពលោក។ ដូច្នេះយើងមិនរើសអើស ចំពោះក្រុមហ៊ុនណាមួយនោះទេ»។
លោក ប៉េដ្រូ ស៊ីហ្សា វីអេរ៉ា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៉កទូហ្កាល់ និយាយថា «ពួកយើងក៏គាំទ្រចំពោះក្ដីបារម្ភរបស់សហភាពអឺរ៉ុបដែរ ប៉ុន្តែយើងយល់ឃើញថា វាមានឱកាសជាច្រើនដែលនឹងត្រូវបានបង្កើតឡើង។ ហើយច្បាស់ណាស់ថា ប្រទេសចិននឹងនៅតែជាមិត្តដ៏ល្អរបស់ប៉កទូហ្កាល់»។
រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាហ្វ្រិកខាងត្បូង អ្នកស្រី ស្ទែលឡា អ៊ែនដាប៊ែរនី អាប្រាហាំ និយាយថា Huawei នៅតែមានទំនាក់ទំនងដ៏ល្អជាមួយអាហ្វ្រិកខាងត្បូងដដែល។
អ្នកស្រី ស្ទែលឡា អ៊ែនដាប៊ែរនី អាប្រាហាំ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាហ្វ្រិកខាងត្បូង និយាយថា «Huawei កំពុងសហការជាមួយក្រុមហ៊ុនមួយភាគធំនៅប្រទេសរបស់ខ្ញុំទៅហើយ។ Huawei ផ្គត់ផ្គង់សម្ភារៈផ្សេងៗជូនដល់ក្រុមហ៊ុនរដ្ឋផងនិងក្រុមហ៊ុនឯកជនផង។ ដូច្នេះវាច្បាស់ណាស់ថាយើងមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុននេះ»។
រដ្ឋមន្ត្រីដដែលបានបន្ថែមថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានចាត់វិធានការមួយចំនួនដើម្បីកំណត់បញ្ហាសុវត្ថិភាពនិងសន្តិសុខសម្ភារៈរបស់ Huawei ។
អ្នកស្រី ស្ទែលឡា អ៊ែនដាប៊ែរនី អាប្រាហាំ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាហ្វ្រិកខាងត្បូង និយាយថា «យើងបានជួបជាមួយថ្នាក់គ្រប់គ្រងរបស់ Huawei នៅអាហ្វ្រិកខាងត្បូងនេះ ហើយពួកគាត់បានធានាហើយថា ក្រុមហ៊ុនរបស់ពួកគាត់មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយទេ។ ហើយច្បាស់ណាស់ថា យើងមិនមែនធ្វើកិច្ចការនេះតែម្នាក់ឯងទេ។ យើងសហការជាមួយភ្នាក់ងារសន្តិសុខជាច្រើនរបស់យើង ដើម្បីធានាថាពួកគេអាចឆែកមើល និងចាប់បានទង្វើទាំងឡាយ ដែលអាចបង្ករគ្រោះថ្នាក់ដល់ប្រទេសយើង»៕ (សារព័ត៌មាន CCTV របស់ចិន)