(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្មួយៗ គណៈគ្រប់គ្រងបុគ្គលិកលោកគ្រូ អ្នកគ្រូ ក្នុងគម្រោង Sunrise Children's Villages នៃអង្គការ The Australia Cambodia foundatio​n។

ក្នុងឱកាសនោះ ​​លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ពិតជាមានអារម្មណ៍សប្បាយរីករាយ បានជួបមុខក្មួយៗទាំងចាស់ទាំងថ្មីនៅទីនេះ ហើយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលភ្លេចក្មួយៗនោះទេ គឺលោកតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចតាមរយៈការចាត់លោក ហ៊ុន ម៉ាណែត និងរូបលោកស្រី​ផ្ទាល់ ចុះជួបជាមួយក្មួយៗ ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ ថវិកា សម្ភារសិក្សា រួមទាំងការពិនិត្យព្យាបាល ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ជាប់ជាប្រចាំ។​

លោកស្រី បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល និងការថែទាំមើលការខុសត្រូវចំពោះក្មួយៗ ដែលធ្វើឲ្យពួកគេបានទទួលនូវការបញ្ចប់​ការសិក្សា ដោយជោគជ័យ មានការងារធ្វើ និងមានអនាគតល្អ។​

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ថែរក្សាសុខភាព ខិតខំសិក្សារៀនសូត្រ ដើម្បីឲ្យមានអនាគតល្អ ហើយវិលត្រឡប់មកជួយកន្លែងដែលខ្លួន ធ្លាប់បានបណ្តុះបណ្តាល និងផ្តល់អនាគត។

លោកស្រី Garaldine នាយិកាអង្គការ The Australia Cambodia foundation (sunrise children's village s) បានលើកឡើងថា អំណោយថ្ងៃនេះ ពិតជាពិសេសណាស់ សម្រាប់ក្មួយៗនៅក្នុងអង្គការនេះ ដែលសកម្មភាពមនុស្សធម៌​បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្មួយៗ និងបុគ្គលិកនៅទីនេះ។

ពួកគេសូមគោរពថ្លែងអំណរគុណ ចំពោះសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ និងពិតជាមានចិត្តរំភើបសប្បាយរីករាយ នៅក្នុងការទទួលវត្តមាន របស់លោកស្រីពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូដែលបានយកចិត្តទុកដាក់គិតគូរចំពោះការសិក្សា និងការស្នាក់នៅរបស់ក្មួយៗនៅទីនេះ។​

សូមបញ្ជាក់ថា នេះគឺជាលើកទី៧ ហើយដែលលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ការពិនិត្យព្យាបាលដល់ក្មួយៗ ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា នៅថ្ងៃនេះក៏ដូចជានាពេលកន្លងមក៕