(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ និងទិសដៅអនុវត្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់សកម្មប្រកាន់ខ្ជាប់ខ្ជួន នៅតួនាទីយ៉ាងសំខាន់របស់ខ្លួន ក្នុងការចូលរួមចំណែករក្សាសុខសន្តិភាព ស្ថិរភាព ពង្រឹងនិតិរដ្ឋ។
នាយឧត្តមសេនីយ៍ ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិត្តខំប្រឹងប្រែង ដោយអស់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលសម្រេចបានលទ្ធផលជោគជ័យ ពីការប្រកួកកីឡាថ្នាក់ជាតិ-អន្តរជាតិ នាំមកនៅស្នាដៃ និងកិត្តិយសដ៏ធំធេង ជូនក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ជាពិសេសទៀតនោះ ជូនរាជរដ្ឋាភិបាលជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានណែនាំ និងផ្ដាំផ្ញើដល់គ្រប់ស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំយកចិត្តទុក្ខដាក់ អនុវត្តឲ្យបានល្អតាមខ្លឹមសារ នៃផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដែលក្រសួងការពារជាតិ កំណត់ឲ្យនោះជាអាទិ៍ វិស័យអប់រំកាយ និងកីឡា ត្រូវខិតខំបំផុស បណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានកាយសម្បទាមាំមួន មានសមត្ថភាពគ្រប់គ្រាន់ មានសម្ភារហ្វឹកហ្វឺនគ្រប់គ្រាន់ ពិសេសលើការងារ ដឹកនាំគ្រប់គ្រង ដើម្បីបង្កើននៅកម្រិតបច្ចកទេសឲ្យបានខ្ពស់រក្សាបាននូវថាមពល និងភាពអំណត់បានល្អ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០១៩ កីឡាជាតិឆ្នាំ២០២០ និងកីឡាស៊ីហ្គេម ឆ្នាំបន្តបន្ទាប់ និងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕