(សៀមរាប)៖ យោងតាមរបាយការណ៍នៅឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុម នៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចបានចំនួន ២,១៥៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលតូចតាច ដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូកជាដើម និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក ២,១៥៩គ្រួសារ ដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៣៧៧គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន២៨៨គ្រួសារ ស្រុកពួកទទួលបានការអនុញ្ញាតចំនួន៤២៧ករណី ក្រុងសៀមរាបទទួលបានកាតអនុញ្ញាតចំនួន៩០៦គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៦១គ្រួសារ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេស ក្នុងការវាយតម្លៃថាពួកគាត់ គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយា មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង-ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការជួសជុលផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា។

ពិសេសជាងនេះទៀត សកម្មភាពទាំងនេះ គឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមក៕