(ភ្នំពេញ)៖ ដើម្បីលើកកិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២ ដើម្បីបើកឱកាសដល់សាធារណជនទូទៅ ស្នើបេក្ខភាពស្រ្តីគ្រប់រូប ដែលខ្លួនទទួលស្គាល់ថា ជាស្រ្តីគំរូ ក៏ដូចជាស្រ្តីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩។
ក្នុងកម្មវិធីនេះដែរ បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួន ដើម្បីចូលរួមលើកកម្ពស់វិស័យនេះ និងជំរុញការចូលរួមរបស់ស្រ្តីផ្សេងទៀត ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីទាំងនោះ ដើម្បីផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម ក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា «Digital Cambodia» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ផងដែរ។
កម្មវិធីសម្រាប់ឆ្នាំនេះ បានផ្តោតលើប្រធានបទ «ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល» ដែលក្រសួងប្រកាសរកបេក្ខភាពជាស្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ មកធ្វើការជ្រើសរើស ហើយនិងវាយតម្លៃរកស្រ្តីឆ្នើមលេចធ្លោរ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ជ័យលាភីចំនួន០៥រូប ដើម្បីផ្តល់កិត្តិយសទទួលពានរង្វាន់ស្រ្តីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ខាងមុខ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានឲ្យដឹងថា «ការផ្លាស់ប្តូរទៅជាឌីជីថល (Digital Transformation) គឺជារបត់នៃការប្រែប្រួលក្នុងយុគសម័យឌីជីថលនេះ ដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ជាមធ្យោបាយ ឬឧបករណ៍ ដើម្បីផ្លាស់ប្តូររបៀបរបរការងារ ការធ្វើអាជីវកម្ម និងការគ្រប់គ្រងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កំណើនផលចំណេញ និងពង្រីកឱកាសផ្សេងៗទៀត ដើម្បីអាចអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ យើងគ្រប់គ្នាត្រូវចូលរួមជំរុញ និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ផងដែរ»។
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានលើកឡើងថា «នាពេលបច្ចុប្បន្ន ស្ត្រីដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ស្ត្រីភាគច្រើនជាអាជីវករ អភិបាលក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ក្នុងការជំរុញ Tech Start Up និងនវានុវត្តន៍នាពេលកន្លងមក យើងសង្កេតឃើញមានស្រ្តីចូលរួមច្រើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ»។
លោកបានបន្តថា ម្យ៉ាងវិញទៀតការរៀបចំកម្មវិធីនេះ ក៏ជាការកៀរគរ ការចូលរួមពីគ្រប់តួអង្គ ដើម្បីសម្រេចនូវគោលដៅផ្លាស់ប្តូរទៅជាឌីជីថល និងគោលដៅយុទ្ធសាស្រ្តកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានឆ្នាំ២០២០ ហើយក៏សូមលើកទឹកចិត្តឲ្យស្រ្តីចូលរួមកាន់តែច្រើនឡើងផងដែរ។
កម្មវិធីឆ្នាំ២០១៩នេះ មានពានរង្វាន់រហូតដល់០៥ប្រភេទ គឺសហគ្រិនឆ្នើមស្រ្តីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award), វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award), ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodian Woman ICT For Community Award), ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Content Award) និងចុងក្រោយគឺ ពន្លកថ្មី( Girl Innovator )។
សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥ ប្រភេទ ដែលត្រូវបានជ្រើសរើសត្រូវតែជាក្រុមស្ត្រីកម្ពុជា ដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួន ដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវតែជាស្រ្តីកម្ពុជា ដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួមផងដែរ៕