(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងការកោតសរសើរចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងថ្នាក់ដឹកនាំរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកន្លងមក រហូតបានរួមចំណែកយ៉ាងធំធេង ដល់ការជំរុញនិងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលវិស័យនេះបានចូលរួមក្នុងកំណើនផលិតផលក្នុងស្រុកសរុប (ផសស) រហូតដល់ ៣២,៨% នៅឆ្នាំ២០១៨ កន្លងទៅនេះ។
លោកស្រី និន សាផុន បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
លោកស្រី និន សាផុន បានថ្លែងថា ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្រសួងបានសម្រេចលទ្ធផលគួរជាទីមោទនៈ ក្នុងការងារគ្រប់គ្រងរោងចក្រឧស្សាហកម្ម ដែលកំពុងបានស្រូបកម្លាំងពលកម្មប្រមាណជិត ១លាននាក់ ហើយការងារគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក៏កំពុងចូលរួមជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើតមុខជំនាញ ព្រមទាំងកំពុងជាយន្តការផ្ទេរបច្ចេកវិទ្យា និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗជាច្រើន។
ចំពោះការងារផ្តត់ផ្គង់ទឹកស្អាត អត្រាគ្របដណ្តប់ក្នុងតំបន់សេវាផ្តត់ផ្គង់ទឹកស្អាត មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែកការងារស្តង់ដារ ក៏មានការកើនឡើងរហូតដល់៨៩៥ នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៣ មានតែ៣៨ ស្តង់ដារប៉ុណ្ណោះ។
ចំណែកការងារមាត្រាសាស្ត្រជាតិ ក៏កំពុងដើរតួនាទីស្នូល ក្នុងការផ្តល់នូវការគាំទ្រ ដល់ដំណើរការខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម ឱ្យដំណើរការដោយរលូន និងប្រកបដោយភាពជឿជាក់លើផលិតផល ធានាឱ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៌ និងត្រឹមត្រូវ។
ជាចុងក្រោយ លោកស្រីបានលោកឡើងថា គណៈកម្មការទី៩នៃរដ្ឋសភា បានស្វាគមន៍ និងគាំទ្រចំពោះរាល់គម្រោងនៃសំណើសុំធ្វើវិសោធនកម្មច្បាប់ទំាងឡាយ ហើយត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងដំណើរការស្នើសុំការអនុម័តច្បាប់ និងបង្កើនប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដើម្បីឱ្យឆ្លើយតបនឹងការវិវត្តសង្គមបច្ចុប្បន្ន កំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នាំប្រទេសកម្ពុជាសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕