(ភ្នំពេញ)៖ កម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងនាំយកសិល្បៈរបាំចំនួន៥ទម្រង់ផ្សេងៗគ្នា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី តាមរយៈសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។
ក្បួនដង្ហែ «ឈីងហ្គេ» ជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។
ក្នុងក្បួនព្យុហយាត្រានេះ មានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិប្រមាណ ១៥០ស្ថាប័ន និងរួមបញ្ចូលជាមួយបណ្តាសិល្បករ សិល្បការិនី មកពីជុំវិញពិភពលោក សរុបទាំងអស់ប្រមាណជិត ១០,០០០នាក់ រួមគ្នាបង្ហាញពីសិល្បៈវប្បធម៌ នៃជាតិសាសន៍រៀងៗខ្លួន។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ជុំវិញព្រឹត្តិការណ៍ក្បូនដង្ហែ «ឈីងហ្គេ» ឆ្នាំ២០១៩ លោក សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា សិល្បៈ៥ទម្រង់ដែលនឹងត្រូវយកទៅសម្ដែងនោះរួមមាន ទី១៖ របាំម្ករ, ទី២៖ ឈុតព្រះថោងនាងនាគ, ទី៣៖ ឈុតកូរសមុទ្រទឹកដោះ, ទី៤៖ របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ និងទី៥៖ ក្បាច់ផ្ការំដួល។
លោក សុខ សប្បាយណា ក៏បានឲ្យដឹងដែរថា ការចូលរួមរបស់កម្ពុជា ជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែឈីងហ្គេ។ ជាមួយគ្នានោះដែរ កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជា នាពេលអនាគត តាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។
ការចូលរួមរបស់ប្រតិភូកម្ពុជា ដឹកនាំដោយ ស.ស.យ.ក. ក្នុងក្បួនដង្ហែ ឈីងហ្គេ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរី គណៈប្រតិភូកម្ពុជា រួមទាំងក្រុមសិល្បករ និងសិល្បការិនី សរុបចំនួន៧៤រូប ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅចូលរួម និងសម្តែងក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៧ ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៧នាពេលកន្លងទៅនេះ នៅសាធារណរដ្ឋសិង្ហបុរី។
យ៉ាងណាមិញ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួម យ៉ាងសកម្មរបស់យុវជនខ្មែរក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយ តាមលទ្ធភាពផ្សេងៗ ដែលអាចធ្វើបាន។ មួយវិញទៀត គណៈប្រតិភូ សិល្បករ សិល្បការិនី ទាំងអស់ នឹងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងនាមជាតំណាងយុវជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនដឹកនាំនាវាកម្ពុជាទៅថ្ងៃអនាគត។
ខាងក្រោមជាព័ត៌មានលំអិតពាក់ព័ន្ធនឹងរបាំទាំង៥ទម្រង់របស់កម្ពុជា ដែលចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «ឈីងហ្គេ»៖
* របាំម្ករ៖ ជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជម្នះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរ ចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។
* ឈុតព្រះថោងនាងនាគ៖ ជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និងជំនឿសាសនាដែលនាំឲ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។
* ឈុតកូរសមុទ្រទឹកដោះ៖ បង្ហាញពីការរួមគ្នា សហការគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាងទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធិផល ដែលបម្រើដល់ផលប្រយោជន៍រួម។
* របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ៖ បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់ នៃគុណល្បុក្កតោ។
* ក្បាច់ផ្ការំដួល ផ្ការំដួល៖ ជាផ្កាអត្តសញ្ញាណជាតិខ្មែរ ដែលចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប៕